ព័ត៌មានទាន់ហេតុការណ៍៖

តុលាការផ្តល់ស្ថានសម្រាលទោសដល់មន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលប្រព្រឹត្តអំពើពុករលួយ

ចែករំលែក៖

ភ្នំពេញៈ លោក ឡាយ ថារ័ត្ន អនុប្រធានការិយាល័យវិភាគគម្រោង និងលើកទឹកចិត្តនៃអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ជាប់ចោទ ពីបទ វិតិក្រម តាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែ មេសា ខែឧសភា ឆ្នាំ ២០១៦ ។

បទល្មើសវិតិក្រម កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។

ប៉ុន្តែទោះបីយ៉ាងណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ថារវៈ នៅព្រឹកថ្ងៃទី១៩ ខែសីហា នេះ ប្រកាសសាលក្រមផ្តន្ទាទោសលោក ឡាយ ថារ័ត្ន ដាក់ពន្ធនាគារពីរឆ្នាំតែអនុវត្តមួយឆ្នាំ ប៉ុណ្ណោះ ។

ការសម្រេចនេះ ត្រូវបានមជ្ឈដ្ឋានអ្នកច្បាប់ មើលឃើញថា តុលាការបានផ្តន្ទាទោសលោក ឡាយ ថារ័ត្ន ដល់កម្រិតអប្បបរមា ពោលគឺកម្រិតទាបបំផុត ហើយផ្តល់ស្ថានសម្រាលទោសមួយឆ្នាំ ទៀតផង ។ នាពេលសវនាការ លោក ឡាយ ថារ័ត្ន បានសារភាពថា ពិតជាបានទទួលយកប្រាក់ចំនួន៩០០ដុល្លារ ពីក្រុមហ៊ុនផលិតសម្ភារកីឡាមួយដែលបានស្នើនាំចូលវត្ថុធាតុដើមពីបរទេស ប្រាកដមែន ៕ ចេស្តា

1


ចែករំលែក៖