ខេត្តពោធិ៍សាត់ ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ សរុបចំនួន ២,៤៩០នាក់មានការកើនឡើងបើប្រៀបធៀបនាឆ្នាំកន្លងមកទូរទាំងខេត្តពោធិ៍សាត់ ។
ពីធីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើប្រព្រិត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២២, ២៣ ខែសីហា ឆ្នាំ២០១៦ នៅវិទ្យាល័យពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស,ប្រចាំមណ្ឌលពោធិ៍សាត់,លោកស្រី ជុក សុផានី អភិបាលរងខេត្តពោធិ៍សាត់,ព្រមទាំងរួមដំណើរដោយមន្រ្តីរាជការស្ថាប័នពាក់ពន្ធកងកម្លាំងប្រដាប់អាវុធជាច្រើនរូប ក្នុងនោះកមានក្រុមការងារចុះសង្កេតការណ៍ ACUទៀតផង ដើម្បីអញ្ជើញកាត់ស្រោម និងបើកវិញ្ញាសាប្រឡង គណៈអធិបតីមានប្រសាសន៍សំណេះសំណាលជាមួយបេក្ខជនបន្តិចៗម្នាក់ ក្នុងនោះផ្ដោតសំខាន់លើការ សូមឲ្យបេក្ខជនយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការប្រឡង នាំយកសេចក្តីថ្លៃថ្នូរដល់ខ្លួនឯង, គ្រួសារ, សាច់ញាតិ ខណៈសម័យប្រឡងឆ្នាំនេះ មានការមុឺងម៉ាត់ច្បាស់លាស់ ហាមដាច់ខាតយកចូលនៅឯកសារពាក់ពន្ធទូរស័ព្ទ,ម៉ាស៊ីនគិតលេខ ។ល។
បើតាមការបញ្ជាក់ពីលោកប្រធានមន្ទីរអប់រំយុវជន និងកីឡាពោធិ៍សាត់ បានឲ្យដឹងថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៥-២០១៦នេះ ទូទាំងខេត្តពោធិ៍សាត់បេក្ខជនត្រូវប្រឡង សរុបចំនួន២,៤៩០នាក់,ស្រីចំនួន១,២០៥នាក់,ក្នុងនោះ ក៏មានព្រះសង្ឃផងដែរ ហើយបើប្រៀបធៀបនាឆ្នាំងកន្លងមក គឺ(២០១៤-២០១៥) បេក្ខជនមានឈ្មោះ ត្រូវប្រឡងត្រឹមតែ ២,១៣៤នាក់ប៉ុណ្ណោះ ដូច្ឆេះឆ្នាំនេះឃើញថា មានការកើនឡើងចំនួន៣៥៦នាក់ ហើយមណ្ឌលត្រូវប្រឡងមានចំនួន៤មណ្ឌល ទី១សាលាបឋមសិក្សាពោធិ៍សាត់,ទី២អនុវិទ្យាល័យពោធិ៍សាត់,ទី៣វិទ្យាល័យពោធិ៍សាត់ខាងត្បូងនិងទី៤វិទ្យាល័យពោធិ៍សាត់ខាងជើង សរុបទាំង០៤មណ្ឌលស្មើនិង ១០១បន្ទប់ ក្នុងនោះចែកចេញជា០២រួមមានថ្នាក់វិទ្យាសាស្រ្ត,៣មណ្ឌល,ស្មើនិង៧២បន្ទប់ , ថ្នាក់វិទ្យាសាស្រ្តសង្គម,១មណ្ឌលស្មើនឹង២៩បន្ទប់ ។
លោកប្រធានមន្ទីរបញ្ជាក់បន្តថា បេក្ខជនប្រុស, ស្រី, ព្រះសង្ឃ, ត្រូវប្រឡងវិញ្ញាសារមានចំនួន០៧ គឺ, គីមីវិទ្យា, ជីវៈវិទ្យា, ប្រវត្តិវិទ្យា, ភាសាបរទេស, អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។
ជាងនេះទៀតលោកគ្រូ, អ្នកគ្រូ ដែលជាមេប្រយោគ សុទ្ធសឹងមកពីសាលាបឋមសិក្សា ដែលគេជឿជាក់ថា មិនអាចធ្វើវិញ្ញាសាផ្សេងៗ ចែកបេក្ខជនប្រឡងនោះបានឡើយ រីឯខាងក្រៅ មានការយាមកាមយ៉ាងម៉ត់ចត់ពីអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ១៥៨នាក់, មន្ត្រីខេត្ត ២៤នាក់, ACU ៦នាក់, ពេទ្យ ៤នាក់, ឡានពេទ្យ ១គ្រឿង, ប៉ូលីស ១២នាក់, អាវុធហត្ថ១២នាក់, សម្រាប់៤មណ្ឌលទូទាំងខេត្ត និងជុំវិញមណ្ឌលប្រឡង សូម្បីកន្លែងហ្វូតូកូពី ក៏ត្រូវបិទជិតអស់ដែរ ។
ប្រភពនានាជុំវិញមណ្ឌលប្រឡងលើកឡើងថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ជាព្រឹកចាប់ផ្តើមប្រឡងទាំងក្នុង និងក្រៅបរិវេណប្រឡង ប្រកបទៅដោយភាពរលូន ប៉ុន្តែនៅពេលដំណើរការទៅមុខទៀត គេមិនទាន់ដឹងថា យ៉ាងណានៅឡើយនោះទេ ៕ ប៉ឹម ពិន