ភ្នំពេញ:មុខសញ្ញាឆបោកតាមវីង២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីឆបោកលុយតាមវីង ប៉ុន្តែខាងជនរងគ្រោះស្គាល់ពីកលល្បិចអាក្រក់របស់ជនខិលខូចបានប្រាប់ថា គ្មានកន្លែងបើកសេវាកម្មវីងទេ ចាំផ្ញើលុយតាមរថយន្តតាក់ស៊ីទៅឲ្យចុះ ។ ក្រោយមកជនសង្ស័យ២នាក់ ត្រូវបានចាប់ខ្លួនរួមនិងម៉ូតូ១គ្រឿង ទូរស័ព្ទដៃ២គ្រឿង ។
ករណីចាប់ខ្លួនមុខសញ្ញាទារប្រាក់តាមវីងនេះ បានធ្វើឡើងនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅមុខសាលាបឋមសិក្សាច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យទី១.ឈ្មោះ សាន ពៅ ភេទ ប្រុស អាយុ ២៦ឆ្នាំមុខរបរ កម្មករសំណង់ មានទីលំនៅ ផ្ទះជួល ម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងជនសង្ស័យទី២-ឈ្មោះ ឈូក ប៊ុនថន ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទំនៅ ផ្ទះជួល ម្តុំដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ក្នុងការចាប់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចដកហូតបាន ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក សេ ១២៥ ពណ៌ខ្មៅ សេរី ២០១៤ ពាក់ស្លាកលេខ ស្វាយរៀង 1D-7861, ទូរសព្ទ័ចំនួន០២គ្រឿង ក្នុងនោះ០១គ្រឿងម៉ាកណូគា 1280 មានលេខ097 6845781 ជាលេខដែលជំរិតយកលុយពីជនរងគ្រោះ ។
មន្ត្រីអាវុធហត្ថខណ្ឌច្បារអំពៅបានអោយដឹងថា មុនពេលចាប់ខ្លួន ជនសង្ស័យឈ្មោះ សាន ពៅ តាំងខ្លួនជាប្អូនប្រុសរបស់ជនរងគ្រោះឈ្មោះ ទី បានប្រើលេខទូរសព្ទ័ 0976845781 តេទៅជនរងគ្រោះសុំលុយចំនួន២០០ដុល្លារ ដោយប្រាប់ថា អោយថ្លៃពេទ្យ ហើយអោយផ្ញើតាមវីង។ ពេលនោះ ជនរងគ្រោះដឹងពីកលល្បិចរបស់ជនសង្ស័យ ហើយប្រាប់ថា អត់មានវីងទេ ព្រោះនៅឆ្ងាយចាំផ្ញើឲ្យតាមឡានតាក់ស៊ី ។ ពេលនោះ ជនសង្ស័យក៏យល់ព្រមហើយជនរងគ្រោះ ក៏បានរៀបគំរោង ទូរសព្ទ័មកប្តឹងកម្លាំងអាវុធហត្ថ បន្ទាប់ពីទទួលពាក្យ រួចកំលាំងអាវុធហត្ថ ក៏បានអោយជនរងគ្រោះទាក់ទងទៅជនសង្ស័យ ដើម្បីមកយកលុយនៅចំណុចដែលបានកំណត់ ។ លុះវេលាម៉ោង២រសៀល ស្រាប់តែលេចមុខជនសង្ស័យមកយកលុយមែន ហើយក៏ត្រូវកំលាំងអាវុធហត្ថ ឃាត់ខ្លួនបានតែម្តង។
សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ ធ្លាប់បានទូរសព្ទ័ទៅជំរិតទារលុយពីជនរងគ្រោះបានចំនួន៩០ម៉ឺនរៀលម្តងរួចមកហើយ ដោយកុហកថា ខ្លួនចូលពេទ្យកាល់ម៉ែតសង្គ្រោះបន្ទាន់ ដោយតាំងខ្លួនជាឈ្មោះ ទី ប្អូនប្រុសជនរងគ្រោះ ។
ក្រោយចាប់ខ្លួនជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងបញ្ជូនទៅកាន់ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញដើម្បីបន្តនីតិវិធី ៕ សណ្តោស
សូមអានបន្តទៀត ៖ ជិះម៉ូតូបុករង្វង់មូលស្ពានព្រែកសំរោងខាងកើតស្លាប់២នាក់ របួសធ្ងន់ម្នាក់