ខេត្តប៉ៃលិន៖ លោក រ៉ិច គង់ អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានការិយាល័យជំនួសលោក ម៉ៅ សំអឿន ដែលត្រូវបានថ្នាក់លើដកបញ្ឈរជើង ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ខណៈគាត់មកកាន់តំណែងបានមួយឆ្នាំនោះ ។
មានមតិជាច្រើនគាំទ្រចំពោះចំណាត់ការលោកបណ្ឌិតគុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំណែទម្រង់រដ្ឋបាល និងរឹតបន្តឹងដល់មន្ត្រីក្រោមឱវាទ ប្រយោជន៍ប្រមូលពន្ធជូនរដ្ឋឲ្យមានកំណើនខ្ពស់ និងលុបបំបាត់អំពើពុករលួយ ។ ប៉ុន្តែមានមតិខ្លះបានលើកឡើងថា កន្លងទៅពាក់ព័ន្ធនឹងអំពើពុករលួយរបស់លោកម៉ៅ សំអឿន ក៏បានកើតឡើងជាលក្ខណៈប្រព័ន្ធនៅក្នុងការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិព្រំនេះដែរ មិនមែនថ្នាក់អនុការិយាល័យមិនបានទទួលផលប្រយោជន៍នោះ ។ ដូច្នេះ គេកំពុងរង់ចាំចំណាត់ការដឹកនាំរបស់លោក រ៉ិច គង់ ដែលឡើងកាន់តំណែងថ្មីនេះ តើមានយន្តការលុបបំបាត់រាល់ទំនិញគេចពន្ធរបស់ឈ្មួញធំៗជាច្រើននាក់នោះឬទេ? ពីព្រោះថា លោករ៉ិច គង់ ពិតជាបានដឹងយ៉ាងច្បាស់ពីសមាសភាពក្រុមឈ្មួញទាំងប៉ុន្មាននាក់ ដែលដឹកជញ្ជូនទំនិញប្រចាំថ្ងៃ ទាំងឡានតូច ឡានធំ ហើយការបំបាត់ពន្ធរដ្ឋធ្វើឡើងដោយរូបភាពអ្វីនោះ ។ មានឈ្មួញធំៗជិត១០រូប បាននាំទំនិញគេចពន្ធគ្រប់ប្រភេទ ដែលត្រូវបង់ពន្ធនាំចូលខ្ពស់ ពួកគេប្រើរូបភាពបង់ពន្ធជាទំនិញចាប់ហួយចម្រុះ ទំនិញបង់ពន្ធធូបផ្សារបន្លំ តាមរយៈការឃុបឃិតគ្នារវាងឈ្មួញទាំងនោះ ជាមួយនឹងមេគយច្រក ។
ការបង់ពន្ធបែបនេះ បានត្រឹមចំណូលពន្ធជូនរដ្ឋពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនោះ ការឃុបឃិតគ្នានេះត្រូវទាញយកថវិកាពីឈ្មួញបែងចែកថ្នាក់ដឹកនាំនៅក្នុងអង្គភាព នៅសាខាខេត្ត និងសមត្ថកិច្ចជាច្រើនស្ថាប័នទៀតប្រចាំច្រកក្នុងប្រយោជន៍បញ្ចៀសការប្រតិកម្មពីសមត្ថកិច្ចមួយទៅសមត្ថកិច្ចមួយ អាចទៅជារឿងវាយបំបែកឆ្នាំងបាយទាំងអស់គ្នា ។
នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ការប្រកាសតែងតាំងលោក រ៉ិច គង់ ជំនួសតំណែងលោកម៉ៅ សំអឿន ប្រធានច្រកអន្តរជាតិព្រំ មានឈ្មួញខ្លះត្រេកអរ មានឈ្មួញខ្លះទៀតព្រួយបារម្ភ មិនដឹងជាត្រូវគិតបែបណា និយាយមុន ឬក៏ចាំដល់ថ្ងៃមួយនោះ រៀបកញ្ចប់ជូន ដើម្បីឲ្យដំណើរការដឹកជញ្ជូនទំនិញរបស់ពួកគេអាចមានភាពរលូនដូចពេលកន្លងទៅ ។ គួររំលឹកថា ច្រកអន្តរជាតិព្រំ កន្លងទៅក៏មានការនាំចូលគេចពន្ធនូវរថយន្តប្រភេទកាត់ត តាមកុងតឺន័រ ជាញឹកញាប់ ទើបតែស្ងាត់មួយរយៈ នៅពេលដែលលោកម៉ៅ សំអឿន ត្រូវបានថ្នាក់លើដកបញ្ឈរជើងប៉ុណ្ណោះ ។ ដោយឡែកបញ្ហាទំនិញគេចពន្ធច្រើនទៀត លើកលែងតែស្រាបៀរ ដែលមិនហ៊ានឆ្លងកាត់ច្រកនេះ បើទំនិញបង់ពន្ធនាំចូលខ្ពស់ គេនៅតែប្រើល្បិចមកបង់ជាទំនិញចម្រុះ ទំនិញធូបផ្សារ ហើយការបង់ពន្ធនេះក៏ត្រឹមតែ៣០ទៅ៤០ភាគរយប៉ុណ្ណោះ ។
ពាក់ព័ន្ធករណីនេះ មិនអាចទាក់ទងបានទេសុំការបំភ្លឺពីលោក រ៉ិច គង់ មេគយឡើងកាន់តំណែងថ្មី ថា តើលោកអាចទទួលខុសត្រូវរាល់ការបង្ក្រាបទំនិញគេចពន្ធទាំងនោះហូរចូលក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងឬមួយយ៉ាងណា កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ ៕ សុខ ខេមរា