ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៏គួរឲ្យរន្ធត់រវាងរថយន្ត៣គ្រឿងបានបុកគ្នានៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ កាលពីវេលាម៉ោង៩និង១០នាទីយប់ ស្ថិត នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូ ម៉ែត្រលេខ១២១និងគីឡូម៉ែត្រលេខ១២២ ក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ប៉ុន្តែពុំមានរងគ្រោះថ្នាក់ដល់មនុស្សឡើយ។
មន្រ្តីនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញឈ្មោះ រាជ ចាន់សុភារិទ្ធិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្ត្រីនគរបាល មានទីលំនៅភូមិ ស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង បើក បររថយន្ដម៉ាកកាមរីបាឡែន ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2X-4070 បើកពីលិចទៅកើតយ៉ាងលឿនសំដៅចូលមកក្រុងស្វាយរៀងលុះមកដល់កន្លែងកើតហេតុខាងលើក៏បើកជែងរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2C-0401 បើកបរដោយឈ្មោះ សួន សុឃឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខ របររត់តាក់ស៊ី រស់នៅភូមិអង្គាសដី ឃុំតា សួស ស្រុកស្វាយជ្រំ បើកបរពីទិសខាង លិចទៅទិសខាងកើត ស្របទិសគ្នាក៏ជ្រុលទៅបុកជាមួយរថយន្ដម៉ាកកាមរីឆ្លាម ពណ៌ ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A-5638 បើកបរដោយឈ្មោះ ផង់ ជួន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិ អង្គកម្បាស់ ឃុំគោកព្រីង ស្រុកស្វាយជ្រំ បើកបរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបររថយន្តទី២ចាប់ហ្វ្រាំងមិនទាន់ក៏បុកបន្តកន្ទុយគ្នាទាំង៣គ្រឿងតែម្តងធ្វើឲ្យខូចរថយន្តយ៉ាងដំណំទាំង៣គ្រឿង។
មូលហេតុដែលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយមន្ត្រីនគបាលបើកបររថយន្ដម៉ាកកាមរីបាឡែនបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់។ រថយន្តទាំង៣គ្រឿង យកទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍នៃស្នងការនគបាលខេត្តដើម្បីដោះស្រាយតាមច្បាប់៕ យឹម សុថាន
សូមអានបន្តទៀត ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរគ្រឿងញៀននៅក្រុងបានលុង