ខេត្តសៀមរាប ៖ ស្ត្រីចំនួនពីរនាក់បានស្លាប់ខណៈបើកម៉ូតូទៅបុករថយន្តពីក្រោយ ដែលកំពុងសណ្ដោងគ្នា។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅវេលា ម៉ោង ៥និង៣០ នាទី ព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ ០៦ចំណុច គីឡូម៉ែត្រលេខ ៣៦៣-៣៦៤ ស្ថិតក្នុងភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់ថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1M-6302 បើកដោយឈ្មោះ ឈិញ សៅរី ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានអ្នករួមដំណើរ០១នាក់ឈ្មោះ សុខ មលីកា ភេទស្រី អាយុ ១៨ឆ្នាំរស់នៅភូមិ ឃុំ ជាមួយគ្នា ដោយបានបុករថយន្តកំពុងសណ្តោងរថយន្ត០២គ្រឿងពីក្រោយដែលឈប់លើផ្លូវ។
អ្នកបើកបររថយន្តឈ្មោះ ឡាយ ឡូយ ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា ៖ ក្នុងហេតុការណ៍នេះ បណ្តាលអោយស្លាប់ មនុស្សចំនួន ០២នាក់ ( អ្នកបើកបរម៉ូតូខាងលើ)។ ដោយឡែកខូចម៉ូតូផ្នែកខាងមុខ រថយន្តមិនមានបញ្ហាអីទេ ។ ករណីនេះសមត្ថកិច្ចបញ្ជាក់ថា ៖ មូលហេតុដែលបណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីអ្នកបើកម៉ូតូបើកបរក្នុងល្បឿនលឿន និងចតរថយន្តលើផ្លូវ ដែលធ្វើឱ្យអ្នកបើកម៉ូតូ អាចមើលមិនច្បាស់ ៕
ដោយ ៖ សិលា