ព័ត៌មានទាន់ហេតុការណ៍៖

ដំណាំស្រូវ៨០០ហិកតានៅសង្កាត់ភ្នៀតក្រុងសិរីសោភ័ណដែលរងការខូចខាតដោយគ្រោះរាំងស្ងួតត្រូវមន្រ្តីជំនាញធនធានទឹកដាក់ម៉ាស៊ីនបូមទឹកជួយសង្រ្គោះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដំណាំស្រូវ៨០០ហិកតា នៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលប្រឈមរងការខូចខាតដោយគ្រោះរាំងស្ងួត កាលពីកន្លងទៅនេះ ត្រូវបានមន្រ្តីជំនាញធនធានទឹក នៃមន្ទីរធនធានទឹកខេត្ត សហការជាមួយនឹងក្រសួងធនធានទឹក ជួយអន្តរាគមន៍សង្រ្គោះដំណាំស្រូវទាំងនោះហើយ ។

ការសង្រ្គោះស្រូវកំពុងរងការខូចខាតពីសំណាក់មន្រ្តីធនធានទឹក ត្រូវគេមើលឃើញថា ក្រោយពីសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយពីការក្តីបារម្ភរបស់ប្រជាកសិករបញ្ហាគ្រោះរាំងស្ងួតខូចខាតដំណាំស្រូវ ។ សកម្មភាពជួយសង្រ្គោះស្រូវជាង៨០០ហិកតានៅសង្កាត់ភ្នៀត គេមើលឃើញមន្រ្តីជំនាញធនធានទឹកប្រើប្រាស់ម៉ាស៊ីន១គ្រឿងខ្នាតធំបូមទឹកចេញពីស្ទឹងសិរីសោភ័ណដើម្បីបូមចែកចាយដាក់ប្រព័ន្ធស្រោចស្រប់តាមអូរប្រឡាយសម្រាប់ឱ្យពលរដ្ឋបូមយកដាក់ស្រែបន្ត ។ ការជួយសង្រ្គោះស្រូវខាងលើចាប់ផ្តើមមានរយៈពេល២ទៅ៣ថ្ងៃរួចមកហើយ មន្រ្តីជំនាញកំពុងតែបន្តជួយសង្រ្គោះជាបន្តបន្ទាប់ទៀតទៅលើដំណាំស្រូវរងផលប៉ះពាល់តាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំអនុវត្តផ្ទាល់ពីលោក យឹម ប៊ុនរុំ ប្រធានមន្ទីរធនធានទឹកខេត្ត។

អ្វីដែលប្រសើរបន្ថែមទៀតទៅលើជួយសង្រ្គោះដំណាំស្រូវនោះដែរចាប់ពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ភ្លៀងបានធ្លាក់មួយមេយ៉ាងធំអូសបន្លាយរហូតទល់ភ្លឺផងដែរ ការធ្លាក់ភ្លៀងបែបនេះ គឺធ្វើឱ្យប្រជាកសិករមានក្តីសង្ឃឹមឡើងវិញទៅលើការដាំដុះដំណាំស្រូវរបស់ពួកគាត់ដែលកំពុងប្រឈមរងការខូចខាត ។

សូមបញ្ជាក់ថានៅសង្កាត់ភ្នៀតក្រុងសិរីសោភ័ណត្រូវបានអាជ្ញាធរសង្កាត់ប្រាប់ឱ្យដឹងថាផ្ទៃដីដាំដំណាំស្រូវវស្សាមានសរុបចំនួន១៥០០ហិកតា ហើយស្រូវប្រឈមរងការខូចខាតដោយភាពរាំងស្ងួតចំនួន៨០០ហិកតា ។ សង្កាត់ភ្នៀតក្រុងសិរីសោភ័ណនៅដើមឆ្នាំក្នុងរដូវវស្សា ទទួលរបបទឹកភ្លៀងចំនួនតិចតួច ។ ដោយឡែកនៅតំបន់ខ្លះត្រូវគេមើលឃើញថាទទួលនូវរបបទឹកភ្លៀងច្រើន ហើយតំបន់ទទួលទឹកភ្លៀងច្រើនដំណើរការបង្កបង្កើនផលស្រូវទៅយ៉ាងល្អ ។

លោកប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យប្រាប់នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នេះថា ខេត្តបន្ទាយមានជ័យបានបង្កបង្កើនផលដំណាំស្រូវលើផ្ទៃដី សរុប២៤៥,០០០ ហិកតា (ម្ភៃបួនម៉ឺនប្រាំពាន់ហិកតា) ដែលជាប្រភេទស្រូវធ្ងន់ ស្រូវស្រាល និងស្រូវណ្តាល។ខេត្តបន្ទាយមានជ័យក្នុងមួយរយៈចុងក្រោយនេះរងគ្រោះដោយភាពរាំងស្ងួត បង្កឱ្យស្រូវរងផលប៉ះពាល់ប្រឈមរងការខូចខាត២១៦០ហិកតា ។ ដំណាំស្រូវដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺនៅក្រុងសិរីសោភ័ណដោយឡែកនៅស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ស្រុកស្វាយចេក ទទួលរងផលប៉ះពាល់តិចតួច ។

លោកប្រធានមន្ទីរកសិកម្មខេត្តប្រាប់ឱ្យដឹងទៀតថា ស្រូវស្រាលត្រូវបានប្រមូលផលជាបណ្តើរៗនោះហើយ លោកមានការព្រួយបាររម្ភទៅលើស្រូវធ្ងន់ប្រមាណ៤០,០០០ ហិកតា (បួនម៉ឺនហិកតា)បើសិនជាភ្លៀងធ្លាក់មិនគ្រប់គ្រាន់នោះទេ អាចប្រឈមរងការខូចខាត ដោយរងចាំមើលរយៈពេលប្រហែល១០ថ្ងៃខាងមុខទៀត បើសិនមានភ្លៀងធ្លាក់មកគ្រប់គ្រាន់ដំណាំស្រូវធ្ងន់មិនមានបញ្ហាអ្វីនោះឡើយ ។ ប៉ុន្តែដោយសារយប់មិញមានភ្លៀងធ្លាក់ខ្លាំង សង្ឃឹមថាបញ្ហាខ្វះទឹកនិងភាពរាំងស្ងួត អាចត្រូវដោះស្រាយបាន ៕ សំ វិច្ឆិកា
 

IMG_9470 IMG_9469 IMG_9463 IMG_9462 IMG_9391 IMG_9390 IMG_9389 IMG_9388 IMG_9386 IMG_9472

 
សូមអានបន្ត ៖ នៅព្រឹកនេះ សម្តេចតេជោហ៊ុន សែន ធ្វើដំណើរចេញពីខេត្តកំពង់ចាមឆ្ពោះទៅកាន់ខេត្តព្រះវិហារ


ចែករំលែក៖