ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋគាំទ្រចំណាត់ការសមត្ថកិច្ច​ ឃាត់ខ្លួនជនកំណាច​ម្ចាស់ហាង​​រតនៈរចនាម៉ូដវាយអ្នករត់ម៉ូតូកង់បីបាក់ដៃ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានបញ្ជាដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញឲ្យចាត់វិធានការជាបន្ទាន់ស្វែងរកជនដៃដល់ប្រើហិង្សា វាយបុរសវ័យចំណាស់រត់ម៉ូតូកង់បី បណ្តាលឲ្យបាក់ដៃ គ្រាន់តែរឿងតូចតាច បុរសនោះមកចតម៉ូតូកង់បីមុខហាងចាំភ្ញៀវ ។ លោកស្នងការបានបញ្ជាក់ថា ត្រូវតែចាត់វិធានការឲ្យខានតែបាន ទើបនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរ ។

ប្រជាពលរដ្ឋបានគាំទ្រចំពោះចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធី ផ្តល់យុត្តិធម៌ជូនជនរងគ្រោះជាអ្នករត់ម៉ូតូកង់បី រងនូវអំពើហិង្សា បាក់ដៃ ដេកស្តូកស្តឹងមុខហាងរបស់ជនសង្ស័យនោះ ។

លោក តី វិសាល នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួនជនបង្កឈ្មោះពៅ រតនៈ ហៅប្រុស អាយុ៣៦ឆ្នាំ ជាម្ចាស់ហាងរតនៈរចនាម៉ូដ ស្នាក់នៅផ្ទះលេខ៣៣៨ F ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ពៅ រតនៈ បានសារភាពថា ខ្លួនពិតជាបានវាយទៅលើបុរសវ័យចំណាស់រត់ម៉ូតូកង់៣នោះពិតប្រាកដមែន ដោយមានបញ្ហាជម្លោះបន្តិចបន្តួច ពេលដែលគាត់បានយកម៉ូតូកង់បីមកចតនៅមុខហាងរបស់ខ្លួន ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ក្រោយពីជនរងគ្រោះបាក់ដៃ អ្នករស់នៅជិតខាងក្បែរកន្លែងកើតហេតុ សែនរំជើបរំជួលក្នុងចិត្ត បញ្ជាក់ពីទឹកចិត្តអាណិតអាសូរ និងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅកាន់មន្ទីរពេទ្យ ។
ប្រជាពលរដ្ឋចង់ឲ្យសមត្ថកិច្ច ក៏ដូចជាស្ថាប័នតុលាការត្រូវចាត់ការរឿងនេះដោយយកចិត្តទុកដាក់ ដើម្បីឲ្យជនបង្កទទួលខុសត្រូវចំពោះមុខច្បាប់នូវអ្វីដែលខ្លួនបានធ្វើ ស្របពេលដែលប្រទេសជាតិកំពុងគ្រប់គ្រងដោយច្បាប់ មិនត្រូវប្រើទម្លាប់អំណាច បុណ្យស័ក្តិ ទ្រព្យសម្បត្តិ ឥទ្ធិពលជាអ្នកមានមកគាបសង្កត់ជាន់ឈ្លីធ្វើបាបប្រើអំពើហិង្សាមកលើជនរងគ្រោះ ជាអ្នកក្រីក្រ ទន់ខ្សោយនោះឡើយ ៕ សុខ ខេមរា

 

1 2 3 4
សូមអានបន្ត ៖ បុរស២នាក់ប្រើល្បិចថ្មីបន្លំយកប្រាក់បានសម្រេចពីផ្ទះវេរលុយវីងអស់១៧០០ដូល្លារ នៅក្រុងបាត់ដំបង


ចែករំលែក៖