ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ចូលក្នុងវិហារចាមបម្រុងលួចឥវ៉ាន់ ត្រូវអ្នកនៅខាងក្នុងឃើញតាមកាមរ៉ាសុវត្ថិភាពចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសង្គ្រោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ បានចូលក្នុងវិហារចាមធ្វើសកម្មភាពរុះរើកាបូបបម្រុងលួចអីវ៉ាន់ ត្រូវអ្នកនៅខាងក្នុងឃើញតាមកាមរ៉ាសុវត្ថិភាព ស្រែកផ្អើលឆោឡោចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសង្គ្រោះ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅក្នុងវិហារចាម ខាងក្រោយសណ្ធាគារ ភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំងពីរនាក់នៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺអ្នកនៅក្នុងវិហារចាមបាននាំគ្នាសូត្រធម៌ ដោយទុកកាបូប និងសម្ភារមួយចំនួននៅកន្លែងផ្សេង ។
ប្រភពបានបន្តថា ពេលដែលកំពុងសូត្រធម៌ មានបុរសម្នាក់ ដែលមិនបានចូលរួមពិធីសូត្រធម៌ បានយកទូរស័ព្ទដៃមកឆែកមើលកាមរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យពីរនាក់ ដោយម្នាក់កំពុងរុះរើកាបូបនិងម្នាក់ទៀតចាំមើលផ្លូវ ។ ពេលដែលឃើញដូច្នេះ ក៏ស្រែកផ្អើលឆោឡោ និងនាំគ្នាចាប់ព្រួតគ្នាវាយម្នាក់មួយដៃ ម្នាក់មួយជើង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបាននាំជនសង្ស័យទាំងពីរនាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ទើបធ្វើកំណត់ហេតុជាក្រោយ  ៕  ជីម ភារ៉ា ដង្កោ
IMG_1358 IMG_1353 IMG_1350 IMG_1362

ចែករំលែក៖