ខេត្តក្រចេះ ៖ ទោះបីជាមានការផ្លាស់ប្តូរ មុខតំណែងនាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង ក្នុងខេត្តក្រចេះយ៉ាងណាក៏ដោយ ក៏បទល្មើសព្រៃឈើនៅក្នុងស្រុកមួយនេះនៅតែបន្តកើតមាន ដោយមិនមានការចាប់ បង្ក្រាបឡើយ ។ ជាងនេះទៅទៀតចាប់តាំង ពីលោកនាយផ្នែកថ្មីចូលកាន់តំណែង គឺមិនទាន់បានបង្ក្រាបរថយន្តដឹកឈើណាមួយ ដើម្បីបង្អួតថ្នាក់លើនៅឡើយទេ គឺឃើញ តែក្រុមឈ្មួញស្កាត់សុំជួបតែប៉ុណ្ណោះ ។
គិតមកត្រឹមថ្ងៃទី២៥ខែសីហាគឺមាន រយៈពេលជាង១ខែមកហើយ ដែលលោក អ៊ុយ ស្រី ឡើងកាន់តំណែងជានាយផ្នែក រដ្ឋបាលព្រៃឈើឆ្លូងទទួលបន្ទុក២ស្រុក គឺស្រុកឆ្លូង និងស្រុកស្នួល ជំនួសលោក ប្រាក់ សំបូរ ហើយការឡើងកាន់តំណែង នេះស្របពេលដែលការដឹកជញ្ជូនឈើនៅខេត្តក្រចេះ តាមរថយន្តធុនតូចកែច្នៃវះគូទទម្លាក់បាត តាមរថយន្តសាំយ៉ុង គឺបាន កម្រើកឡើងវិញបន្តិចក្រោយពីស្ងប់ស្ងាត់មួយរយៈមក ។
សេចក្តីរាយការណ៍បានឱ្យដឹងថា បច្ចុប្បន្ននេះការដឹកជញ្ជូនឈើចេញពីតំបន់ផ្សេងៗក្នុងខេត្តក្រចេះ តាមរថយន្តធុនតូច និងតាម រថយន្តសាំយ៉ុង គឺកំពុងកើតមានដោយ មានការបើកភ្លើងខៀវពីសំណាក់មន្រ្តីជំនាញ រដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ ព័ន្ធមួយចំនួនទៀត ហើយការដឹកជញ្ជូនឈើល្មើសច្បាប់នេះគឺក្រុមឈ្មួញច្រើនធ្វើឡើងនៅពេលយប់ ។
ក្នុងនោះមានឈើប្រណីតធ្នង់រាប់សិបម៉ែត្រគូបត្រូវបានក្រុមឈ្មួញដឹកចេញពីភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសម្បូរណ៌ និង ឈើអារលេខ១សុក្រំត្រូវដឹកចេញពីចំណុចភូមិ ១០៥ ឃុំថ្មី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ តាមផ្លូវជាតិលេខ៧ឆ្ពោះចូលទៅស្រុក ស្នួលនិងបន្តចូលទៅលក់នៅប្រទេស វៀតណាម ។
ជាមួយនឹងការដឹកជញ្ជូនឈើល្មើស ច្បាប់យកទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់ស្រុកស្នួលនេះ គេនៅមិនទាន់ឃើញមានការទប់ស្កាត់ឬចាប់បង្ក្រាប ពីសំណាក់លោក អ៊ុយ ស្រី នាយផ្នែករដ្ឋបាលព្រៃឈើទទួលទិសស្រុកស្នួល និង ស្រុកឆ្លូង ដែលទើបចូលកាន់តំណែងថ្មីនោះនៅឡើយទេ ហើយការមិនអើពើក្នុងការទប់ស្កាត់នេះ ត្រូវបានមជ្ឈដ្ឋាននានា លើកឡើងថាក្រុមឈ្មួញនិងលោកនាយផ្នែករូបនេះអាចនឹងត្រូវរ៉ូវគ្នា ។ ជាងនេះ ទៀត គ្រាន់តែលោក អ៊ុយ ស្រី ចូលកាន់ មុខតំណែងភ្លាមនោះ គឺលោកប្រមូលមន្ត្រីចាស់ដែលមានស្នាដៃ ក្នុងការធ្វើសេដ្ឋកិច្ចប្រមូលលុយពីបទល្មើសព្រៃឈើគ្រប់ច្រកល្ហក ដើម្បីយកមកធ្វើការជាមួយលោក ។
លោក អ៊ុយ ស្រី ត្រូវបានគេដឹងថា ជា អតីតនាយផ្នែករដ្ឋបាលព្រៃឈើព្រែក ប្រសព្វ ក្នុងខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ហើយត្រូវបានថ្នាក់លើដកឱ្យទៅធ្វើការនៅរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលនៅក្រុងភ្នំពេញ ក្រោយពីនាយផ្នែករូបនេះ រួមនឹង មន្ត្រីក្រោមឱវាទ២នាក់ផ្សេងទៀតរងនូវ ពាក្យបណ្តឹងពីអ្នករកស៊ីដឹកឈើជន្លង់ម្រេចតាមទូក ដោយចោទប្រកាន់ពីបទជំរិតទារប្រាក់ចំនួន១៥០០ដុល្លារ ជាថ្នូរមិនចាប់ បង្ក្រាប នៅក្នុងអំឡុង ខែសីហា ឆ្នាំ២០១៤ ហើយសំណុំរឿងនេះត្រូវបានសមត្ថកិច្ចនៅខេត្តក្រចេះបញ្ជូនទៅអង្គភាពប្រឆាំង អំពើពុករលួយបន្ត ។
បើតាមប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើក្រចេះបានឱ្យដឹងថា ក្រោយពីលោក អ៊ុយ ស្រី ត្រូវបានដកបញ្ឈរជើងនៅរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល មិនទាន់បាត់ក្តៅច្រមុះ ផង លោក អ៊ុយ ស្រី ត្រូវបានថ្នាក់ក្រសួងតែង តាំង លោកជានាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ ក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ។ មន្ត្រីរដ្ឋបាលព្រៃឈើរូបនោះបន្តថា ហើយនៅពេលថ្មីនេះទៀត លោក អ៊ុយ ស្រី ត្រូវបានរដ្ឋមន្ត្រីថ្មី ផ្លាស់ប្តូរឱ្យមកធ្វើជានាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង ដោយ ទទួលទិស២ស្រុក គឺស្រុកឆ្លូង និងស្រុក ស្នួល ហើយស្រុកទាំងពីរនេះ ត្រូវបានគេ និយាយថា ជាស្រុកដែលសំបូរទៅដោយ បទល្មើសព្រៃឈើ ជាពិសេសគឺការនាំឈើចេញទៅប្រទេសវៀតណាម ។
លោក អ៊ុយ ស្រី នាយផ្នែករដ្ឋបាលព្រៃឈើទទួលបន្ទុកមើលឈើនៅស្រុកស្នួល និងស្រុកឆ្លូង អ្នកយកព័ត៌មាននគរវត្តមិនអាចរកការពន្យល់អំពីការមិនបង្ក្រាបបទល្មើសដឹកជញ្ជូនឈើទៅលក់នៅប្រទេសជិតខាងបានទេ ៕ កោះទ្រុង