ខេត្តក្រចេះ ៖ ដើម្បីកុំឲ្យជះឥទ្ធិពល អាក្រក់ប៉ះពាល់ដល់ស្ថាប័នអយ្យការនៃ អយ្យការអមសាលាដំបូងខេត្តក្រចេះ តំណាងអយ្យការបានដឹកនាំកម្លាំងសមត្ថកិច្ចឃាត់ចាប់រថយន្តដឹកឈើរបស់ព្រះរាជអាជ្ញារង និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតយកទៅស្នាក់ការកងរាជអាវុធហត្ថស្រុកស្នួលដើម្បីបន្តនីតិវិធី ។ នេះបើតាមការឲ្យដឹងពីសមត្ថកិច្ចកាលពីព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលា ម៉ោង១១យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ តំណាងអយ្យការលោក ធុច បញ្ចសន្ដិភាព បានដឹកនាំកម្លាំងសមត្ថកិច្ចឃាត់រថយន្ត ដឹកឈើមួយគ្រឿងសង្ស័យថាជារបស់ លោក សោរ វុទ្ធី ព្រះរាជអាជ្ញារងនៅពីក្រោយខ្នងនៃបទល្មើសនេះហើយឈានដល់ឃាត់ខ្លួនអ្នកបើកបរជាមន្ត្រីយោធាមួយរូបនៅ ចំណុចផ្អាក ស្ថិតក្នុងភូមិ-ឃុំ-ស្រុកស្នួល ខេត្តក្រចេះ រួចហើយបញ្ជូនទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកស្នួល។ អ្នកបើកបរជាមន្ត្រីយោធាមិនត្រូវបានបញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ ។ ចំណែក ឯរថយន្តនិងឈើសុក្រំ ដែលសមត្ថកិច្ច បង្ក្រាបមានមុខកាត់ខ្នាតធំពី៣តឹកទៅ៥ តឹកប្រវែង៣ម៉ែត្រ និងត្រូវរៀបចំសំណុំបែបបទបញ្ជូនទៅខាងជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តនីតិវិធី ។
ប្រភពបានបញ្ជាក់ថា ឈើដែលត្រូវបានបង្ក្រាបនេះជាប្រភេទឈើប្រណីតបានដឹកចេញពីចំណុចភូមិ១០៥ថ្មី ស្រុកចិត្របុរីបម្រុងឆ្ពោះទៅប្រទេសវៀតណាមតាមច្រកដេ២ នៅស្រុកស្នួល ខេត្តក្រចេះ ។
ក្រៅពីរថយន្តដឹកឈើដែលឃាត់ទុកសង្ស័យព្រះរាជអាជ្ញារង សោរ វុទ្ធី ជាអ្នកនៅពីក្រោយខ្នងនោះក៏មានរថយន្ដដឹកឈើជាច្រើនផងដែរ កាលពីយប់ថ្ងៃទី២៤ ខែសីហានោះ គឺជារថយន្តដឹកឈើរបស់ ឈ្មោះ ពក ដឹកដូចគេហែកឋិន ទាំងយប់ទាំងថ្ងៃក្រោមក្រសែភ្នែកលោក អ៊ុយ ស្រី នាយ សង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួល ដែល ត្រូវដងត្រូវផ្លែគ្នាបំផ្លាញព្រៃឈើ ។
គួររំលឹកថា ព្រះរាជអាជ្ញារង សោរ វុទ្ធី ត្រូវបានគេទម្លាយថា បានជាប់ពាក់ព័ន្ធនៅពីក្រោយបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ តាមរយៈក្រុមឈ្មួញអះអាងថា ជាឈើរបស់គាត់ទើបកន្លងមកសមត្ថកិច្ចខ្លះចេះតែមិនហ៊ានចាប់ មិនហ៊ានយកលុយពីក្បាល រថយន្ត ។ ម្យ៉ាងទៀតតំណាងអយ្យការខ្លាច ប៉ះពាល់ដល់ស្ថាប័នអយ្យការ ទើបឈាន ដល់ការបង្ក្រាបបទល្មើសដឹកឈើប្រណីតជាក់ស្តែង ។
លោក ទ្រី សុភ័ក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះពាក់ព័ន្ធនឹងមន្ត្រីរបស់គាត់ច្រើនប្រើតួនាទីភារកិច្ចចាំរាប់ក្បាលឡានដឹកឈើយកលុយ និងមិនបង្ក្រាប នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នគរវត្តបានទូរស័ព្ទទៅសាកសួរលោក ហើយលោកបានបញ្ជាក់ថា កំពុងជាប់ ភារកិច្ចមកភ្នំពេញ ហើយបានផ្ទេរការងារទៅឲ្យនាយរងខណ្ឌធ្វើកិច្ចការជំនួស ។ លោកបន្តថាបញ្ហាបទល្មើសនេះពិតជាកើតមានហូរហែ ហើយឈ្មួញហាក់ដូចមិនខ្លាចសមត្ថកិច្ចនិងជំនាញទាល់តែសោះលោកក៏កំពុងស្នើ សុំយោបល់អភិបាល ខេត្តថា តើត្រូវធ្វើយ៉ាងណា ព្រោះកន្លងទៅប្រជា ពលរដ្ឋបានលើកគ្នាមករំដោះវត្ថុតាងមធ្យោ បាយដឹកបទល្មើសព្រៃឈើពីសមត្ថកិច្ច ចំកណ្តាលក្រុងនោះទៀតផង? ៕ សុខ ខេមរា