ខេត្តព្រះសីហនុៈ កំណើនស្ថិតិភ្ញៀវទេសចរណ៍ដែលបានលង់ទឹកស្លាប់នៅខេត្តព្រះសីហនុ បានកើនបន្ថែម២នាក់ទៀតហើយ បើទោះបីជាសមត្ថកិច្ចខិតខំធ្វើបំរាមយ៉ាងណាក្តី គ្រាដែលនៅព្រឹកថ្ងៃទី២៦ ខែសីហា វេលាម៉ោង៩និង៤៥នាទី ឪពុក រួមជាមួយកូនប្រុស អាយុប្រមាណ៥ឆ្នាំ ជាជនជាតិកូរ៉េ ត្រូវបានលង់ទឹក ពេលចុះងូតទឹកនៅចំណុចឆ្នេរអូត្រេះ២ ស្ថិតក្នុងក្រុម២ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
យោងតាមប្រភពសមត្ថកិច្ច បានអោយដឹងថា នៅព្រឹកថ្ងៃទី២៦សីហា វេលាម៉ោង៩និង៤៥នាទី មានករណីលង់ទឹកស្លាប់ ជនបរទេសចំនួន០២នាក់ គឺឪពុក និង កូនប្រុស គ្រាដែលកូនប្រុសចុះលេងទឹកដោយជិះពោងកូនទាហើយបានអណ្តែតទៅកណ្តាល ត្រូវរលកវាយពន្លិច ហើយឪពុកទៅជួយកូនប្រុស ក៏បានលង់ស្លាប់ជាមួយគ្នា ក្នុងរយៈពេលត្រឹមតែប្រមានមិនដល់១៥នាទីផង ។
ជនរងគ្រោះដែលបានលង់ទឹកស្លាប់នោះមានៈទី០១-ឈ្មោះ LEE MINSEOCK ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតុកូរ៉េ កាន់លិខិតឆ្លងដែនលេខM63483455 ទី០២ -ឈ្មោះ LEE SEUNGJAE ភេទ ប្រុស អាយុ៤ឆ្នាំជនជាតុកូរ៉េកាន់លិខិតឆ្លងដែនលេខ M52197511 អ្នកទាំងពីររួមជាមួយក្រុមគ្រួសារប្រមាណ៣នាក់ផ្សេងទៀតបានចូលមកស្នាក់នៅ ក្នុងសណ្ឋាគារ ណៃយ៉ា រឺស៊ត កាលពីថ្ងៃទី ២៥ សីហា ឆ្នាំ២០១៦ វេលាម៉ោង ជា១៦ល្ងាចមាន ទីលំនៅក្បែរកន្លែងកើតហេតុ ។
យោងតាមប្រភព ស្ត្រីធ្វើក្រចកតាមមាត់សមុទ្រ បានអះអាងថា នៅមុនកើតហេតុគាត់បានឃើញក្រុមគ្រួសារជនជាតិកូរ៉េនេះ ប្រមាណ៥ទៅ៦នាក់បានមកអង្គុយកំសាន្តនៅមាត់សមុទ្រ ដោយបានអោយកូនចុះងូតទឹកជាមួយឪពុក ដោយកូនប្រុសជិះពោង កូនទា ឯស្ត្រីផ្សេងទៀត បានអង្គុយលើឆ្នេរ ថតផ្តិតយករូបទេសភាព ឯ ឪពុកនិង កូនបានលេងទឹកកាន់តែជ្រៅទៅៗ ឃើញដូចនោះ គាត់បាននិយាយជាភាសាអង្គគ្លេសទៅកាន់ស្ត្រីជាប្រពន្ឋថា អ្នកគួរតែហៅប្តី និង កូនអោយឡើងគោកវិញ ព្រោះរសាត់ទៅឆ្ងាយហើយ ប៉ុន្តែស្ត្រីជាប្រពន្ឋមិនបានឆ្លើយតបទេ គ្រាន់តែញញឹម រួចក៏ថតរូបបន្តទៀត មួយសន្ទុះ ក៏បានឃើញកុមាររងគ្រោះក្រឡាប់ពោងលិចបាត់ទៅក្នុងទឹក ភ្លាមនោះឪពុកដែលនៅក្បែរ បានស្ទុះទៅចាប់កូន បំណងជួយសង្គ្រោះ ប៉ុន្តែសំណាងអាក្រក់ ក៏ត្រូវលង់ទឹកខ្លួនឯង ឃើញសភាពបែបនោះ គាត់ក៏បានស្រែកហៅអ្នកជិតខាងអោយគេជួយ តែពេលនោះពុំមាននណាម្នាក់នៅជិតនោះទេ មានតែជនបរទេស២ទៅ៣នាក់ និង បុគ្គលិកសណ្ឋាការម្នាក់ បន្ទាប់មកបុគ្គលិកសណ្ឋាគារ ក៏ស្រែកហៅបន្ត ភ្លាមនោះក៏មានជនបរទេស៤ទៅ៥នាក់ស្ទុះចេញពីអាហារដ្ឋានក្បែរនោះ រត់ចុះទៅជួយសង្គ្រោះ តែអ្វីៗវាហួសពេលអស់ទៅហើយ បានត្រឹមតែស្រង់សាកសពមកលើគោកទាំងការសោកស្តាយតែប៉ុណ្ណោះ ។
ក្រោយកើតហេតុប្រមាណ ជិត១ម៉ោង គេបានឃើញមានវត្តមានលោក យន្ត មីន អភិបាលខេត្ត រួមជាមួយលោកស្នងការរង ជិន វិជ្ជា បានចុះទៅដល់កន្លែងកើតហេតុ ក្នុងអារម្មណ៍សោកស្តាយ និងតក់ស្លុត រួមជាមួយសាររំលែកទុក្ខជាមួយក្រុមគ្រួសារផងដែរ ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលមិនដល់៣០ថ្ងៃផង (ក្នុងខែសីហានេះ) បើយោងតាមព័ត៌មាន ហាក់មានការលាក់លៀមបានខ្សឹបប្រាប់ថា គិតត្រឹមថ្ងៃទី២៦ សីហានេះ នៅក្រុងព្រះសីហនុ មាន ភ្ញៀវទេសណ៏ស្លាប់ចំនូន០៨នាក់ហើយ ក្នុងនោះ ជនបរទេសចំនួន៧នាក់ (ជនជាតិឥណ្ឌា ជនជាតិទួរគី ជនជាតិរ៉ុស្សី ជនជាតិកូរ៉េ) និង ជនជាតិខ្មែរចំនួនម្នាក់ ដោយស្លាប់នៅលើឆ្នេរកោះរ៉ុង ចំនួន០២នាក់ (ដើមខែសីហា) និង នៅតាមបណ្តោយឆ្នេរ អូរឈើទាល ឆ្នេរកាំសាប និងឆ្នេរអូត្រេះ២នេះ មានចំនួន៦នាក់ ហើយ ជនរងគ្រោះដែលបានជួយសង្គ្រោះពីការលង់ទឹកសរុបបានជាង១០នាក់ ក្នុងនោះក្រុមឆ្មាំសមុទ្រសគ្រោះបានចំនួន០២នាក់ ៕ ឆ្លាមសមុទ្រ