ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៧ នាក់ និងបក្ខពួក ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១០ និង មាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើង០២ក្រុម ដោយ ក្រុមអឹមអិល មានគ្នាជាង១០នាក់ ប្រដាប់ដោយដាវកែច្នៃ មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់ ដេញវាយលើក្រុមក្មេងទំនើងឈ្មោះ ក្រុមផ្ទះយាយ និងកាប់បំផ្លាញម៉ូតូចំនួន ០១ គ្រឿង បណ្តាលឱ្យដាច់ផ្អាកលេខ នៅចំណុចមុខផ្ទះលក់ចាប់ហួយហៅផ្ទះយាយ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ៤០ នាទី រួច ក្រុមអឹមអិលក៏បាននាំគ្នាជិះម៉ូតូគេចខ្លួន ដោយយកផ្អាកលេខម៉ូតូដែលកាប់បាននោះទៅជាមួយផងដែរ។ ក្រោយមកនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ១៦និង ០០នាទី ក្រុមផ្ទះយាយ ក៏បានបបួលបក្ខពួក ប្រដាប់ដោយដាវកែច្នៃចំនួន០២ដើម ទៅយកផ្អាកលេខពី ក្រុមអឹមអិល វិញ នៅចំណុចហាង កាហ្វេយីហោ៥២០ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ លុះនៅពេល ក្រុមផ្ទះយាយ បានមកដល់ហាងកាហ្វេ យីហោ៥២០ ក្រុមផ្ទះយាយ ក៏បានកាន់ដាវរត់ចូលទៅកាប់ ក្រុមអឹមអិល តែត្រូវបាន ក្រុមអឹមអិល រត់គេចខ្លួន រួចក៏ត្រូវបានក្រុម ផ្ទះយាយ នាំគ្នាវាយបំផ្លិចបំផ្លាញម៉ូតូចំនួន ០១ គ្រឿង របស់ ក្រុមអឹមអិល បណ្តាលឱ្យបែកកុងទ័រ ខោអាវម៉ូតូ និងកាតាប៊ូខាង ក្រោយ រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនតែម្តង។ រហូតមកដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចក៏បានស្រាវជ្រាវ និងឃាត់ខ្លួនបានជន សង្ស័យចំនួន ០៩ នាក់ ជាបន្តបន្ទាប់ មាន ១-ឈ្មោះ តែម ហាក់ហួរ ហៅហួរតូច ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះ ហួយ លីហួរ ភេទប្រុស អាយុ១៩ឆ្នាំ ៣-ឈ្មោះ ហួយ លីហ័ង ហៅបឿក ភេទប្រុស អាយុ១៨ឆ្នាំ ៤-ឈ្មោះ លន់ អូននិ ហៅ ហៅលិ ភេទប្រុស អាយុ ១៨ឆ្នាំ ៥-ឈ្មោះ ប៊ុនរី បូរី ហៅបូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ៦-ឈ្មោះ ភាព សោភ័ ភាព សោភ័ណ្ឌ ភេទប្រុស អាយុ១៨ឆ្នាំ បុ១៨ឆ្នាំ និង៧-ឈ្មោះ អេ អោប សុវណ្ណបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៧ នាក់ និងបក្ខពួក ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១០ និង មាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ៕
ដោយ ៖ រ៉ារ៉ា