ខេត្តកំពង់ស្ពឺ៖ នាងក្រមុំម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីត្រូវជនសង្ស័យប្រដាប់ដោយកាំបិតបានចូលទៅចាក់សម្លាប់ដល់កន្លែងធ្វើការ ដោយសង្ស័យផ្តើមចេញពីតាមស្រឡាញ់នាង តែនាងមិនស្រឡាញ់ ។ ជនសង្ស័យបន្ទាប់ពីបង្កហិង្សារួចមក បានចាក់សម្លាប់ខ្លួនឯងតាមក្រោយបណ្តាលឲ្យរងរបួសធ្ងន់ ។
ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចតូបកាត់ដេរមួយកន្លែង ក្នុងផ្សារឧដុង្គ ខេត្តកំពង់ស្ពឺ ។
មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណែម ចន្ធូ អាយុ២៤ឆ្នាំ មុខរបរកាត់ដេរ រស់នៅឃុំវាំងចាស់ រីឯជនសង្ស័យមានឈ្មោះ សឹុម ម៉ូតអាយុ៣២ឆ្នាំ រស់នៅភូមិតានាល ឃុំព្រះស្រែ ។
ប្រភពបន្តថា មូលហេតុដែលនាំឲ្យមានការចាក់សម្លាប់នេះ កើតឡើងដោយសារតែជនបង្ក លួចស្រឡាញ់ជនរងគ្រោះ តែជនរងគ្រោះមិនស្រឡាញ់ ហើយថែមទាំងមានសង្សាទៀតផង។
ដោយសារបែបនេះទើបជនបង្កទៅចាក់សម្លាប់ជនរងគ្រោះតែម្តង រហូតដល់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ហើយរួចមកក៏ចាក់ខ្លួនឯងតែម្តង បណ្តាលឲ្យរបួសធ្ងន់ ៕ ថាច់ យ៉ាត