ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយចេក បានចុះប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់១កន្លែង នៅចំណុចភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១ថង់ធំ ស្មើនឹង៥,៤ក្រាម និងទូរស័ព្ទដៃចំនួន២គ្រឿង រថយន្តមួយគ្រឿងម៉ាកកាមេរីឆ្លាម ពណ៌ប្រផេះ ប័ណ្ណសម្គាល់យានយន្តចំនួន១សន្លឹក នៅវេលាម៉ោង៣ល្ងាច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ។
ក្រោយពីឃាត់ខ្លួនបានហើយ អាវុធហត្ថបានសាកសួរភ្លាមៗ ពេលនោះជនសង្ស័យក៏បានឆ្លើយសារភាពថា ថ្នាំញៀននេះ ទិញពីជនសង្ស័យម្នាក់ទៀតនៅក្រុងប៉ោយប៉ែត ពេលនោះកម្លាំងអាវុធហត្ថ ចុះទៅដល់ក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៥៦៨ នៃបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅចំណុចស្តង់តាងួន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីម c125 សេរី2016 គ្មានស្លាកលេខ និងទូរស័ព្ទដៃចំនួន២គ្រឿង។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានអាវុធហត្ថយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ ។
ជនសង្ស័យទាំង២នាក់នេះ ១/ឈ្មោះឈិត ចាន់ថន ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មករ រស់នៅក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ២/ឈ្មោះ ញិប ឈឿប ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មកររស់នៅបណ្តោះអាសន្នផ្ទះសំណាក់រ៉ូហ្សា ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធវត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មុនឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ គឺបានទទួលព័ត៌មានពីប្រជាពលរដ្ឋជាច្រើនដងហើយថា ក្រុមយុុវជននេះ យកគ្រឿងញៀនមកលក់ចែកចាយជាញឹកញាប់ក្នុងមូលដ្ឋាន ។






