រំពេចនោះចិត្តរបស់ខ្ញុំនឹកគិតទៅដល់សម្ដីដែលប្ដីរបស់ខ្ញុំ និងបងសុក ធ្លាប់បាននិយាយគ្នាថ្ងៃមុនពីរឿងអង្គការ។ នៅពេលនោះ ប្ដីរបស់ខ្ញុំកំពុងតែនៅលើករងខាងក្រៅផ្ទះ ហើយខ្ញុំក៏ស្ទុះទៅប្រាប់រឿងដែលកងឈ្លបកំពុងតែដើរសំដៅមកផ្ទះរបស់ខ្ញុំឲ្យគាត់បានដឹងមុន។ ខ្ញុំបានដេញឲ្យប្ដីរបស់ខ្ញុំគេចខ្លួនចេញទៅ។រំពេចនោះប្ដីរបស់ខ្ញុំបានស្ទុះចេញតាមផ្លូវក្រោយផ្ទះកាត់រងថ្នាំនិងចម្ការល្មមបាំងកុំឲ្យកងឈ្លបឃើញបាន។ ប្ដីរបស់ខ្ញុំបានចាកចេញទៅបាត់នៅសល់តែខ្ញុំមិនដឹងគិតរកអ្វីមកនិយាយដោះសារនឹងកងឈ្លបនោះទេ។ ខ្ញុំល្ងង់ក៏ល្ងង់។ ខ្ញុំឈរភ័យតែឯង រួចរត់មកក្នុងផ្ទះអង្គុយឱបកូនតាំងចិត្តធ្វើហាក់ដូចជាគ្មានអ្វីកើតឡើង។មួយស្របក់ក្រោយមក ស្រាប់តែឮសំឡេងស្រែកគំហកហៅខ្លាំងៗពីក្រៅរបងផ្ទះថា ” មិត្តនារីប្តីទៅណាហើយ? ខ្ញុំកុហកកងឈ្លបឡើងញ័រមាត់ថា អត់ទេមិត្តបង ប្ដីរបស់ខ្ញុំមិនបានមកទេ គាត់នៅឯគោកចំបក់យូរហើយមិនដែលមកទេ ។ កងឈ្លបនោះស្រែកគំរាមខ្ញុំទៀតថា កុំឲ្យតែខ្ញុំដឹងណាមិត្ត ខ្ញុំនឹងរាយការណ៍ស្នើប្ដីមិត្តយកទៅកសាងហើយ មានអ្នករាយការណ៍ឲ្យខ្ញុំច្បាស់ណាស់ថា អាប៉ក់ និងអាសុក វាប្រឆាំងនឹងអង្គការ វាហ៊ានតិះដៀលថាអង្គការមិនល្អ ឱ្យវាស៊ីមិនគ្រប់។ មិត្តឯងតែខ្ញុំដឹង ខ្ញុំហៅទៅកសាងទាំងគ្រួសារ។
កងឈ្លបនិយាយតែប៉ុណ្ណឹង រួចចេញទៅវិញបាត់។ ខ្ញុំទន់អស់ជើងដៃ នឹកស្រណោះអាសូរប្ដី និងកូននៅតូចៗដែលគ្មានដឹងអ្វីទាំងអស់។ ខ្ញុំមិនចង់ឱ្យកូនអត់ឪពុកហៅហើយក្លាយទៅជាកូនកំព្រានោះទេ។ ខ្ញុំបានរៀបចំឲ្យកូនដេក រួចខ្ញុំក៏ទៅផ្ទះគណៈស្រុក ព្រោះគាត់តាំងពីដើមមកឧស្សាហ៍ចេញចូលផ្ទះឪពុករបស់ខ្ញុំណាស់។ ខ្ញុំដើរបណ្ដើររកនឹកពាក្យនិយាយបណ្ដើរ ព្រោះខ្លាចគាត់ចាប់ថ្នាក់ពាក្យខ្ញុំបាននិងមិនព្រមជួយដល់ខ្ញុំ។ មកដល់ត្រឹមជណ្តើរផ្ទះរបស់គណៈស្រុក ខ្ញុំស្រែកពីក្រោមទៅថា លោកមា! លោកមា ។ លោកមាបានសួរខ្ញុំយ៉ាងរាក់ទាក់ថា នរណាគេហ្នឹង? ខ្ជា នាងឯងមានការអីព្រលប់ហើយ។ ខ្ញុំមកផ្ទះគាត់គឺដើម្បីសុំឲ្យគាត់ជួយដល់ប្ដីរបស់ខ្ញុំដែលកងឈ្លបនោះមានបំណងយកប្ដីរបស់ខ្ញុំទៅកសាងនៅពេលដែលគាត់និយាយជាមួយបងសុកអំពីអង្គការ។នៅពេលដែលបានដឹងអំពីស្ថានភាពនេះហើយ គាត់បានសន្យាថានឹងជួយប្ដីរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំត្រូវតែយកថ្នាំឲ្យគាត់។ និយាយរួចហើយគាត់បានប្រាប់ខ្ញុំឱ្យត្រឡប់មកផ្ទះវិញ។
រយៈពេលប្រហែលកន្លះខែក្រោយមក ម៉ោងជិត ៧ យប់ខ្ញុំសម្លឹងមើលពីក្នុងផ្ទះចេញទៅក្រៅ ស្រាប់តែឃើញស្រមោលមនុស្សស្ទង់ៗដើរចូលមកក្នុងផ្ទះរបស់ខ្ញុំ។ ភ្លាមនោះស្រាប់តែឮសំឡេងលោកបងសុកចូលមកហើយនិយាយខ្សឹបៗថា ” អ្នកឯងត្រូវរឹងប៉ឹងឡើង ប្ដីអ្នកឯងស្លាប់ហើយ គាត់ដួលស្លាប់នៅក្នុងការដ្ឋានគោកចំបក់។ ខ្ញុំបានបញ្ចុះសាកសពគាត់ត្រឹមត្រូវហើយ អ្នកកាត់ចិត្តនឹកគុណព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃ មាតា បិតា ឧទ្ទិសកុសលឱ្យគាត់ផង” ។ និយាយចប់បងសុកបានដើរចេញទៅវិញបាត់ទាំងខ្ញុំមិនទាន់បានស្ដីតបតទៅវិញសូម្បីតែមួយម៉ាត់។ ពាក្យសំដីរបស់បងសុកនិយាយមកទាំងអម្បាលម៉ានដូចជាអាវុធដ៏មុតមកពុះទ្រូងរបស់ខ្ញុំ។ អ្វីដែលខ្ញុំខ្លាចបំផុត អ្វីដែលខ្ញុំស្អប់បំផុត គឺនៅទីបំផុត បានធ្លាក់មកលើខ្ញុំទាំងអស់។ ខ្ញុំគ្មានជម្រើសអ្វីទៀតទេគឺមានតែយំ។ ខ្ញុំយំព្រោះកូនខ្ញុំក្លាយជាក្មេងកំព្រាហើយ។ យប់នេះគឺជាយប់មួយដែលមានរយៈពេលយូរជាងយប់ណាទាំងអស់ និងជាយប់មួយដែលខ្ញុំមិនអាចបំភ្លេចបានពេញមួយជីវិតរបស់ខ្ញុំ។ អ្វីដែលខ្ញុំត្រូវធ្វើបន្តទៅទៀតគឺខ្ញុំត្រូវតែខំតាំងចិត្តប្រឹងកាត់ក្តីទុក្ខសោកដើម្បីរស់នៅសម្រាប់កូនៗរបស់ខ្ញុំ។ ខ្ញុំខំធ្មេចភ្នែកសម្ងំដេកខ្លាចងើបមិនទាន់ទៅធ្វើការនៅថ្ងៃស្អែក។ប៉ុន្តែទឹកភ្នែករបស់ខ្ញុំចេះតែបន្តហូរចុះមកឡើងក្តៅគគុក។ ពេលព្រឹកឡើងខ្ញុំបើកភ្នែកមិនរួចសោះឲឪហើយនៅពេលដែលខ្ញុំប្រឹងបើកភ្នែកខ្លាំងពេកគឺធ្វើឲ្យខ្ញុំកាន់តែឈឺ។ ថ្ងៃនេះខ្ញុំទៅធ្វើការមិនរួចទេ។ ខ្ញុំបានផ្ដាំតាមសមមិត្តផ្សេងទៀតប្រាប់ទៅប្រធានសហករណ៍កុំឲ្យយកទោសខ្ញុំ។យប់នេះភ្នែករបស់ខ្ញុំឈឺទ្វេដងសឹងតែស្រែកយំ ខ្ញុំបន់ឲ្យតែភ្លឺឆាប់ៗនឹងអាលទៅរកថ្នាំមកលេប។ ខ្ញុំបានយកក្រមាពូតទឹកស្អំកែវភ្នែកជាបណ្ដោះអាសន្នសិន។ នៅពេលព្រឹកឡើង ភ្នែករបស់ខ្ញុំក៏បានធូរគ្រាន់ជាងមុន។ ប៉ុន្តែផ្ទះរបស់ខ្ញុំគ្មានសេសសល់អង្ករទេ ហើយខ្ញុំទៅណាក៏មិនរួចដែរ។ ដោយសារតែគ្មានអង្ករហូប ទើបខ្ញុំបានប្រើកូនប្រុសច្បងរបស់ខ្ញុំយកកាវត្រចៀករបស់ខ្ញុំទៅដូរយកអង្ករពីប្រជាជននៅឯចុងភូមិ។ ខ្ញុំនៅផ្ទះចេះតែសម្ងំដេកមើលកូនឈឺផង។និងឈឺខ្លួនឯងផង។ ខ្ញុំចេះតែទន្ទឹងចាំមើលផ្លូវកូនច្បងរបស់ខ្ញុំមិនឃើញមក ណាមួយកូនតូចរបស់ខ្ញុំចេះតែយំ។ខ្ញុំសម្ងំដេកព្រោះកូនខ្ញុំមិនក្តៅខ្លួនទៀតទេ។ ខ្ញុំដេករៀបនឹងលក់ទៅហើយស្រាប់តែសំឡេងស្រីបងជីដូនមួយរបស់ខ្ញុំស្រែកពីខាងក្រៅផ្ទះឱ្យខ្ញុំបើកទ្វារ ខ្ញុំងើបហើយស្រែកប្រាប់គាត់ឲ្យចូលមកទ្វារអត់បិទទេ។បងស្រីជីដូនមួយរបស់ខ្ញុំចូលមកដល់រានខាងមុខផ្ទះភ្លាម គាត់និយាយផងអួលដើមកផងថា ខ្ជា កូននាងឯងគេចាប់វាបាននៅឯចំការពោត។ ខ្ញុំគ្រាន់តែឮភ្លាម ខ្ញុំចង់សន្លប់ភ្លាម។ ទឹកភ្នែករបស់ខ្ញុំហូររហាមដោយក្នុងចិត្តនឹកគិតថា ខ្ញុំត្រូវបាត់បង់កូនម្នាក់ទៀតហើយ។ ម្សិលមិញប្ដីរបស់ខ្ញុំបានស្លាប់ ហើយថ្ងៃនេះកូនប្រុសរបស់ខ្ញុំត្រូវកងឈ្លបចាប់ខ្លួនបាន។ខ្ញុំប្រើកូនម្ដងនេះ ដូចប្រើកូនឱ្យទៅស្លាប់។
បងជីដូនមួយរបស់ខ្ញុំបានបន្តទៀតថា កូនរបស់ខ្ញុំមិនទាន់ស្លាប់ទេហើយពេលនេះកូនរបស់ខ្ញុំនៅជាមួយពួកកងឈ្លប។ ពួកឈ្លបបានឲ្យកូនរបស់ខ្ញុំហូបគ្រប់គ្រាន់ណាស់ កូនរបស់ខ្ញុំប្រាប់កងឈ្លបថា វាគ្មានម៉ែឪទេ ហើយរើសបានកាវត្រចៀកតាមផ្លូវមក។ឮកូនខ្ញុំប្រាប់ដូច្នោះ ពួកឈ្លបអាណិតបានឲ្យអាហារ និងឲ្យជួយចាំពោតជាមួយឈ្លប។ ខ្ញុំឮអ៊ីចឹងហើយខ្ញុំត្រេកអរណាស់។ ខ្ញុំញញឹមទាំងទឹកភ្នែករហាមពេញមុខ។ កូនរបស់ខ្ញុំឆ្លាតណាស់ចេះដោះសារយករួចខ្លួនបាន។ ខ្ញុំមិននឹកស្មានថា កូនរបស់ខ្ញុំអាចកុហកកងឈ្លបថាគ្មានម៉ែគ្មានឪពុកដូច្នេះសោះ។ ខ្ញុំមិនខឹងនឹងសម្ដីកូនទេ កូនរបស់ខ្ញុំនៅមានជីវិតគឺខ្ញុំសប្បាយចិត្តណាស់ទៅហើយ។ នៅពេលនោះបងស្រីជីដូនមួយរបស់ខ្ញុំបានឡើងមកលើផ្ទះរបស់ខ្ញុំហើយបានស្រែកយ៉ាងខ្លាំងៗថា ខ្ជា នាងឯងមកមើលនេះមកឱ្យលឿននាង។ ខ្ញុំមើលមិនឃើញទេបង ព្រោះខ្ញុំឈឺភ្នែកតើមានរឿងអ្វីបានជាបងភ្ញាក់ផ្អើលខ្លាំងម៉្លេះបង? ប្រយ័ត្នភ្ញាក់កូនខ្ញុំណាបង។ ខ្ញុំតបទៅបងជីដូនមួយរបស់ខ្ញុំដែលកំពុងតែស្រេកឮៗពេញផ្ទះរបស់ខ្ញុំ។ កូននាងឯងដេកងាប់ពីអង្កាល់បានជាស្រមោចស៊ីភ្នែកអស់ដូច្នេះនាង។ បងជីដូនមួយខ្ញុំសួរ ព្រោះខ្ញុំខ្លួនឯងមិនដឹងថា កូនតូចរបស់ខ្ញុំស្លាប់ទាល់តែសោះ ខ្ញុំគ្រាន់តែដឹងថា កូនរបស់ខ្ញុំព្រឹកមិញនេះបានត្រជាក់សាច់ធម្មតាជាងពីម្សិលមិញទៅហើយ។បងជីដូនមួយរបស់ខ្ញុំប្រាប់ថាកូនតូចរបស់ខ្ញុំប្រហែលជាក្តៅខ្លួនខ្លាំងពេក រហូតដល់អាប់សែស្លាប់ហើយទៅត្រជាក់សាច់វិញយ៉ាងម៉េចទៅ។
ខ្ញុំអស់ព្រលឹងពីខ្លួនបន្ទាប់ពីបងជីដូនមួយរបស់ខ្ញុំប្រាប់យ៉ាងដូច្នេះ។ ខ្ញុំឈឺចាប់ហួសថ្លែងគ្មានអ្វីអាចមកប្រៀបផ្ទឹមបានទេ។ អម្បាញ់មិញ ខ្ញុំទើបតែសើចសប្បាយដោយនឹកគិតថា កូនច្បងរបស់ខ្ញុំសុខសប្បាយ ប៉ុន្តែបែរជាកូនតូចបងខ្ញុំស្លាប់ទៅវិញ។ ឱលោកាអើយ! ពិភពលោកនេះពិតជាសាហាវឃោរឃៅដាក់ទោសខ្ញុំខ្លាំងម្ល៉េះ។ ខ្ញុំមិនអាចធ្វើអ្វីបានទេក្រៅពីលើកសាកសពកូនបីត្រកងផ្ទប់នឹងទ្រូងទួញទុក្ខសោក។ នេះហើយជីវិតរបស់ខ្ញុំ?(ចប់ដោយបរិបូណ៌)