ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ព្រួតវាយប្លន់យកម៉ូតូឌ្រីមពីបុរសរត់ម៉ូតូឌុបម្នាក់បានសម្រេច និងធ្វើឲ្យមានរបួសស្នាមថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យពីរនាក់ហៅឲ្យឌុបរហូតដល់កន្លែងស្ងាត់ ក៏ព្រួតវាយជនរងគ្រោះឲ្យបែកមុខហូរឈាមពេញខ្លួន រួចប្លន់យកម៉ូតូហុងដាឌ្រីម ស៊េរូឆ្នាំ២០១០ មួយគ្រឿង បានសម្រេច និងជិះគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ នៃករណីប្លន់ខាងលើបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចខាងកើតវត្តឬស្សីសាញ់ ក្នុងដីឡូរមួយកន្លែង ភូមិប្រការ សង្កាត់ព្រៃស ខណ្ខដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះកៅ រឿន អាយុ៣៩ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលស្ថិតនៅផ្សារព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយម៉ូតូដែលក្រុមចោរប្លន់ទៅបាត់ ម៉ាក ហុងដា សេ ១២៥ ពណ៌ខ្មៅ សេរី ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AU.7279 ។
យោងតាមសម្ដីជនរងគ្រោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យពីរនាក់បានដើរមកហៅគាត់ឲ្យឌុប ដោយបន្លំឲ្យជូនទៅផ្ទះមិត្តភក្តិរបស់គេពួកគេនៅកាណាឌីយ៉ា ខណៈទៅដល់កាណាឌីយ៉ារួចហើយ  ជនសង្ស័យក៏ប្រើល្បិចឲ្យឌុបទៅបុរីពិភពថ្មីនៅខណ្ឌដង្កោថែមទៀត ដោយជិះតាមផ្លូវទួលពង្រ រហូតដល់ខាងកើតវត្តឬស្សីសាញ់ ដែលជាកន្លែងស្ងាត់ និងកន្លែងកើតហេតុនោះ ពួកគេក៏ប្រាប់គាត់ឲ្យឈប់ ហើយក៏ធ្វើសកម្មភាពព្រួតវាយជនរងគ្រោះបណ្ដាលឲ្យបែកមុខហូរឈាមជោកខ្លួនសន្លប់មួយភាំង  ភ្លាមនោះជនសង្ស័យទាំងពីរនាក់បានយកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានត្រឹមតែដឹកជនរងគ្រោះយកទៅប្រគល់ឲ្យសាច់ញាតិនៅផ្លូវព្រៃស ដើម្បីដឹកបន្តយកទៅមន្ទីពេទ្យព្យាបាល។
សូមរំលឹកផងដែរថា ករណីប្លន់យកម៉ូតូ និងគ្រឿងអង្រ កាដែលមានតម្លៃផ្សែងៗ តែងតែកើតមានជាញឹកញាប់នៅមូលដ្ឋានខណ្ឌដង្កោ តែសមត្ថកិច្ចមិនដែលបង្ក្រាបបានឡើយ បានត្រឹមតែទៅយកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង និងជូនទៅផ្ទះតែប៉ុណ្ណោះ ធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចការបាត់បង់ជីវិត និងទ្រព្យសម្បត្តិរបស់ពួកគាត់ជាខ្លាំងក្នុងករណីប្លន់ម្ដងៗ ៕ ជីម ភារ៉ា ដង្កោ
IMG_2863 IMG_2861 IMG_2855 IMG_2844 IMG_2865

ចែករំលែក៖