ខេត្តកណ្តាលៈ បុរសម្នាក់គិតថា ប្រពន្ធរបស់ខ្លួនលួចមានប្រុសថ្មី ក៏ព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួនដោយផឹកថ្នាំបំពុលចំនួន២លើកមិនបានសម្រេច លើកទី៣ចង.កនៅលើដើមស្វាយស្លាប់ដូចបំណង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះគិតខ្លីចង.កបញ្ចប់ជីវិតនោះឈ្មោះ ម៉ុន ប៊ុនធឿន ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានប្រពន្ធឈ្មោះ ម៉ូត ស៊ីណេត អាយុ៣៤ឆ្នាំ មានកូនក្នុងបន្ទុក៣នាក់ បច្ចុប្បន្នរស់នៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ។
ប្រភពដដែលបានបន្តថា រយៈពេលប៉ុន្មានខែចុងក្រោយមកនេះជនរងគ្រោះជាប្តីផឹកស្រាស្រវឹងតែងតែរករឿងឈ្លោះប្រកែគ្នាជាមួយស្ត្រីជាប្រពន្ធ ដោយចោទប្រកាន់ថាលួចមានប្រុសថ្មី ។ ក្រោយពីឈ្លោះប្រកែកគ្នាបុរសជាប្តី បានទៅផឹកថ្នាំបំពុលធ្វើអត្តឃាតចំនួន២លើករួចមកហើយ តែមិនបានសម្រេចដោយសារតែមានការជួយសង្រ្គោះទាន់ពេលវេលា ។ រហូតមកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះមានសភាពស្រវឹងស្រាបានស្រែកចោទប្រកាន់ស្ត្រីជាប្រពន្ធថាលួចមានប្រុសថ្មី ។
ប្រភពដដែលបានបន្តទៀតថា ពាក្យចោទប្រកាន់ខុសពីការពិតនេះបានធ្វើឲ្យស្ត្រីជាប្រពន្ធមានក្តីខឹងសម្បាយ៉ាងខ្លាំង ក៏តបតទៅបុរសជាប្តីវិញរហូតមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ.ករៀងៗខ្លួន ។ បន្ទាប់ពីឈ្លោះប្រកែកគ្នាស្ត្រីជាប្រពន្ធបាននាំកូនៗចេញពីផ្ទះ ទៅមើលប្អូនថ្លៃឆ្លងទន្លេនៅឯមណ្ឌលសុខភាពឃុំព្រែកអំពិល ខណៈនោះជនរងគ្រោះជាប្តីបានស្រែកថា “ទុកកូនឲ្យនៅហ្នឹងហើយ ប្រយ័ត្នមិនទាន់ដង្ហើមអញ” ។ ពាក្យសំដីនេះ ស្ត្រីជាប្រពន្ធមិនបានចាប់អារម្មណ៍អ្វីឡើយ ក៏បាននាំកូនៗទៅមណ្ឌលសុខភាពបាត់ទៅ ។ លុះដល់វេលាម៉ោងប្រមាណ៧យប់ថ្ងៃដដែល ស្ត្រីជាប្រពន្ធនាំកូនត្រឡប់មកកាន់លំនៅដ្ឋានវិញ ក៏ប្រទះឃើញបុរសជាប្តីចង.កស្លាប់ នៅលើដើមស្វាយខាងមុខផ្ទះបាត់ទៅហើយ ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ