អាជ្ញាធរហ្វីលីពីនបានប្រកាសថា មនុស្សយ៉ាងតិច១២នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារភេរវកម្ម បំផ្ទុះគ្រាប់បែកក្នុងផ្សាររាត្រីមួយកន្លែងនៅទីក្រុង Davao កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ។ សាកសពជនរងគ្រោះបានខ្ទេចខ្ទីជាមួយបំណែកបាក់បែកនៃកៅអី តុជ័រយ៉ាងរដូករណែល ។ ការវាយប្រហារនេះ ស្ថិតនៅក្នុងទីក្រុងកំណើត និងជាលំនៅឋានរបស់ប្រធានាធិបតីហ្វីលីពីនតែម្តង ។
អ្នកនាំពាក្យខុទ្ទកាល័យប្រធានាធិបតីហ្វីលីពីន Martin Andanar បានថ្លែងថា មនុស្ស១២នាក់បានបាត់បង់ជីវិត និងជាង៣០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍វាយប្រហារភេរវកម្មក្នុងផ្សាររាត្រីខាងលើនេះ ។
ប្រភពបញ្ជាក់ថា មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ការវាយប្រហារនៅឡើយទេ ប៉ុន្តែវាអាចជាទង្វើរបស់ក្រុមឧទ្ទាម និងក្រុមជួញដូរគ្រឿងញៀន ដែលខឹងសម្បារចំណាត់ការរបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលប្រកាសសង្គ្រាមប្រឆាំងក្រុមជួញដូរគ្រឿងញៀន ហើយការវាយប្រហារនេះ ទំនងជាការសងសឹករបស់ក្រុមទាំងនេះក៏អាចថាបានដែរ ។
សូមបញ្ជាក់ថា ទីក្រុង Davao ជាទីក្រុងធំបំផុតរបស់ហ្វីលីពីនស្ថិតនៅភាគខាងត្បូង ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណជាង២លាននាក់ ។ ទីក្រុងនេះមានចម្ងាយប្រហែល១៥០០គីឡូម៉ែត្រពីរដ្ឋធានីម៉ានីល ៕ ថាច់ យ៉ាត