ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបកន្លែងលក់ឌីសក្លែងក្លាយរឹបអូសបាន ៧.០៨៦បន្ទះ

ចែករំលែក៖

ខេត្តរតនគិរី ៖ នគរបាលស្រុកបកែវ សហការជាមួយមន្រ្តីមន្ទីរវប្បធម៌និងវិចិត្រ សិល្បៈដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ បាន ចុះបង្ក្រាបផ្ទះធ្វើអាជីវកម្មលក់ឌីសវីដេអូ ក្លែងក្លាយនិងរំលោភអាជ្ញាប័ណ្ណដើម្បីយក ទៅកម្ទេចចោល។

លោកជួប វណ្ណារៈ អធិការនគរបាល ស្រុកបកែវបានឲ្យដឹងថា ឌីសដែលសមត្ថ កិច្ចចុះបង្ក្រាបនោះរឹបអូសបានចំនួន ៧.០៨៦បន្ទះទៅលើទីតាំង៣កន្លែងនៅ ផ្សារបកែវស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុក បកែវ ខេត្តរតនគិរី។ ឌីសក្លែងក្លាយចម្លង លក់រំលោភអាជ្ញាប័ណ្ឌដែលបានរឹបអូស នេះបានប្រគល់ឲ្យលោកឆាយ សាវុទ្ធ
ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈដើម្បី រក្សាទុកនិងរៀបចំកម្ទេចចោល។ ចំណែក ម្ចាស់ទីតាំងមិនត្រូវបានឃាត់ខ្លួននោះទេ តែបានឲ្យម្ចាស់ទីតាំងដែលប្រកបអាជីវ កម្មលក់សីុឌីក្លែងក្លាយទាំងនេះធ្វើកិច្ចសន្យាបញ្ឈប់ការលក់ឌីសចម្បងក្លែងក្លាយបន្ត ទៅទៀតហើយប្រសិនបើមានជាលើក ទី២នោះសមត្ថកិច្ចនឹងមានវិធានការតាម ផ្លូវច្បាប់ ។

បើតាមប្រជាពលរដ្ឋរស់នៅស្រុកបកែវ ខេត្តរតនគិរីមួយចំនួនបានឲ្យដឹងថា ឌីស ក្លែងក្លាយមិនមែនមានតែនៅផ្សារបកែវ មួយនោះទេ នៅមានផ្សារជាច្រើនទៀត ក៏មានលក់ឌីសចម្លងក្លែងក្លាយដែរ ។ នៅ កន្លែងលក់ខ្លះមានទាំងឌីសអាសអាភាស លក់យ៉ាងអនាធិបតេយ្យទៀតផងតែមិនត្រូវបានបង្ក្រាបនោះទេ ។ ការមិនបង្ក្រាប ឌីសអាសអាភាសនេះបានធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមយ៉ាងខ្លាំងដូចជាករណីកំណើននៃការចាប់រំលោភជាដើម ។

ជាសំណូមពររបស់ប្រជាពលរដ្ឋសុំឲ្យ លោកឆាយ សាវុទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈមេត្តាពិនិត្យការធ្វើអាជីវកម្ម លក់ឌីសចម្លងក្លែងក្លាយ ពិសេសសីុឌីក្តៅ សាច់ត្រូវចាប់បង្ក្រាបនិងផ្តន្ទាទោសដល់អ្នកធ្វើអាជីវកម្មដោយខុសច្បាប់នេះផង ៕
វុទ្ធឦសាន

 

 

trd (1) trd trd (2)


ចែករំលែក៖