ខេត្តកណ្តាលៈ លោកយាយអាយុ៧០ឆ្នាំបានធ្លាក់ពីលើដើមអំពិលស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលលោកយាយឡើងទៅបេះស្លឹកអំពិលយកមកលក់ ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩ និង១០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្រាំងឆ្មៃ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
លោកយាយរងគ្រោះឈ្មោះ យិន សុខ អាយុ៧០ឆ្នាំ មុខរបរ កសិករ និងបេះស្លឹកអំពិលលក់ បច្ចុប្បន្នរស់នៅភូមិគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ។ នៅមុនពេលកើតហេតុលោកយាយ និងប្តីបាននាំគ្នាឡើងទៅបេះស្លឹកអំពិលលើដើមដែលមានកម្ពស់ប្រមាណ៥ទៅ៦ម៉ែត្រ ខណៈកំពុងអង្គុយលើមែកបេះស្លឹកអំពិលលោកយាយរងគ្រោះទំនងជាវិលមុខ បណ្តាលឲ្យរបូតដៃធ្លាក់ទៅលើដីស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចប៉ូលិសស្រុកកណ្តាលស្ទឹងបានចុះទៅពិនិត្យសាកសពលោកយាយរងគ្រោះ ហើយបានបញ្ជាក់ថា លោកយាយរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើដើមអំពិលប្រាកដមែន ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពលោកយាយរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ