ខេត្តបន្ទាយមានជ័យ៖ បុរស២នាក់ ជាអ្នករួមដំណើរដោយជិះរថយន្តទើបតែចេញពីកន្លែងផឹកស៊ីផ្ទះមិត្តភក្តិ បង្កគ្រោះថ្នាក់ដោយខ្លួនឯង ខណៈអ្នកបើកបររថយន្តក្នុងស្ថានភាពស្រវឹង បុកដើមត្រសេកក្បែរចិញ្ចើមថ្នល់១ដើម បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុទាំង២នាក់តែម្តង ។ ចំណែកអ្នកបើករថយន្តវិញ គេសង្ស័យទទួលរងបួសស្រាល រត់គេចខ្លួនបាត់ បន្សល់រថយន្តនៅកន្លែងកើតហេតុ ។ រថយន្តគេឃើញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នៅលើផ្លូវលំត្រង់ចំណុចម្តុំគោកម្រះព្រៅ ស្ថិតក្នុងភូមិកូនខ្លែងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះទាំង២នាក់ ត្រូវបានគេស្គាល់ឈ្មោះ ញ៉ក់ រ៉ាយ៉ុត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រពាំងថ្មជើងឃុំប៉ោយចារ ស្រុកភ្នំស្រុក និងម្នាក់ទៀតឈ្មោះ សារ៉ាយ ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅស្រុកមង្គលបូរី រីឯអ្នកបើករថយន្តរត់គេចខ្លួន គេស្គាល់រស់នៅក្នុងស្រុកភ្នំស្រុកនោះដែរ ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន បង្កគ្រោះថ្នាក់រត់គេចខ្លួនបាត់ ។
បើតាមប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុកប្រាប់ឱ្យដឹងថា មុនពេលកើតហេតុពួកគេទាំង៣នាក់ជាជាងជួសជុលរថយន្តនៅស្រុកមង្គលបុរី ហើយនាំគ្នាជិះរថយន្ត១គ្រឿងម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2A-1334 មកលេងផ្ទះនៅភូមិកូនខ្លែង ។ ប៉ុន្តែពួកគេមិនទាន់ទៅផ្ទះនោះទេ ដោយមកផឹកស៊ីផ្ទះមិត្តផ្ទះនៅភូមិត្រពាំងថ្មនោះសិន ។ ក្រោយពីផឹកស៊ីអស់ស្រាជាច្រើនកេះ រួចហើយពួកគេមានសភាពស្រវឹងរៀងៗខ្លួនក៏នាំគ្នាឡើងជិះរថយន្តបន្តដំណើរមកភូមិកូនខ្លែងបើកបរក្នុងទិសដៅកើតទៅលិចក្នុងគោលបំណងទៅយកមាន់នៅផ្ទះមិត្តភក្តិម្នាក់ទៀតនៅភូមិកូនខ្លែងដើម្បីបន្តការផឹកស៊ីស្រាប់តែបើករថយន្តបុកដើមត្រសេកបង្កគ្រោះថ្នាក់ខ្លួនឯងតែម្តង ។ ក្រោយពេលកើតហេតុនោះភ្លាម ប្រជាពលរដ្ឋបាននាំគ្នាចេញទៅជួយ អន្តរាគមន៍ឃើញជនរងគ្រោះ២នាក់នៅកន្លែងកើតហេតុជាប់ក្នុងរថយន្ត ក៏ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ប៉ុន្តែដល់មន្ទីរពេទ្យជនរងគ្រោះ២នាក់ ស្លាប់បាត់ទៅហើយ ។ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកចាត់ចែងធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ។
សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យរយៈពេល២ថ្ងៃ ចុងក្រោយគេឃើញកើតឡើងគ្រោះថ្នាក់ចរាចរណ៍៤ករណីសរុបមនុស្សស្លាប់៦នាក់ ទទួលរងរបួសធ្ង់ស្រាល៣នាក់ ។ ក្នុងហេតុការណ៍ បើករថយន្តធ្លាក់ចូលប្រឡាយទឹកលង់ស្លាប់៣នាក់ នៅក្រុងសិរីសោភ័ណ, ជិះម៉ូតូ ឌុបគ្នា២នាក់ធ្លាក់ចូលប្រឡាយគ្មានទឹក ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ នៅស្រុកមង្គលបុរី, បើកម៉ូតូបុករថយន្តធុនធំបត់ឆ្វេងផ្លាស់ប្តូរគន្លងផ្លូវមិនប្រយ័ត្នបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ម្នាក់ និងរងរបួសស្រាលម្នាក់, និងករណីចុងក្រោយនេះនៅស្រុកភ្នំស្រុក បើករថយន្តក្នុងស្ថានភាពស្រវឹង បើកបុកដើមត្រសេកស្លាប់២នាក់បន្ថែមទៀត ៕ សំ វិច្ឆិកា