ខេត្តស្វាយរៀង៖ កម្មការិនីប្រមាណ២០០នាក់ បាននាំគ្នាធ្វើកូដកម្មនៅខាងមុខរោងចក្រឆាយចិន ដោយតវាសុំឲ្យថៅកែរោងចក្រឆាយចិនចេញមកដោះស្រាយ ករណីទម្លាក់ថ្លៃប្រាក់ឈ្នួល និងការកាត់ប្រាក់ឧបត្ថម្ភៈ ប្រចាំថ្ងៃ (៨កាក់ក្នុងមួយថ្ងៃ) ហើយទាមទារសុំឲ្យថៅកែរក្សាប្រាក់ឈ្នួលឲ្យនៅដដែល ។
ករណីកម្មការិនីលើកគ្នាធ្វើកូដកម្មមិនចូលធ្វើការនេះ គឺ៖មានរយៈពេល២ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី០៥ កញ្ញា ២០១៦ វេលាម៉ោង៧និង៣០នាទីព្រឹក ដល់ម៉ោង៤និង៣០នាទីល្ងាច ហើយបានបន្តធ្វើកូដកម្ម នៅព្រឹកថ្ងៃទី០៦ កញ្ញា ២០១៦ វេលាម៉ោង៧និង៣០នាទីព្រឹក ស្ថិតនៅភូមិរោងបន្លែសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងបន្តធ្វើកូដកម្មទៀតរហូតថៅកែចេញមកដោះស្រាយ ។
ទាក់ទិនករណីធ្វើកូដកម្មនេះដែរ កម្មការិនីម្នាក់បានឲ្យដឹងថា ការដែលកម្មការិនីនាំគ្នាធ្វើកូដកម្ម មិនចូល មូលហេតុ ថៅកែបានទម្លាក់ថ្លៃប្រាក់ឈ្នួល និងកាត់ប្រាក់ឧបត្ថម្ភៈប្រចាំថ្ងៃ ដែលធ្លាប់ឧបត្ថម្ភម្នាក់៨កាក់ ក្នុងមួយថ្ងៃ ទើបនាំគ្នាមកធ្វើកូដកម្ម ទាមទារឲ្យថៅកែរក្សាតម្លៃប្រាក់ឈ្នួល ឲ្យនៅដដែល និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ៨កាក់ក្នុងមួយថ្ងៃវិញ ។
ប្រភពដដែលបន្តទៀតថា រោងចក្រ កាត់ដេរ អាវត្បាញ មួយនេះបង្កើតឡើងក្នុងឆ្នាំ២០០៧ រហូតបច្ចុប្បន្ន គឺផ្តល់តាមប៊ុង(ដេរយកប៊ុង) មាន២ប្រភេទ៖អាវត្បាញ ប្រភេទលេខ១ ក្នុង១ឡូ តម្លៃ ៤ដុល្លារ លុះនៅខែកក្កដា និងខែ សីហា ២០១៦នេះ ថៅកែបានបញ្ចុះតម្លៃអាវត្បាញប្រភេទលេខ១ នៅត្រឹម ១ឡូតម្លៃ៣ដុល្លារ ៥កាក់ប៉ុណ្ណោះ ។
អាវត្បាញប្រភេទលេខ២ ក្នុង១ឡូ តម្លៃ១ដុល្លារ២កាក់ នៅតម្លៃដដែល ក៏ប៉ុន្តែ អាវត្បាញពីមុនរាបស្រួលដេរ ហើយក្រណាត់ត្បាញបច្ចុប្បន្ន ក្រណាត់ដុំរៀប ពិបាកដេរ សុំតម្លើងថ្លៃប្រាក់ឈ្នួល។ ចំពោះប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ម្នាក់៨កាក់ ក្នុងមួយថ្ងៃ ហើយ២ខែចុងក្រោយនេះ ថៅកែបានកាត់ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃទាំងអស់ ហើយបើតាមប្រាក់ឈ្នួល បូកនឹងប្រាក់ឧបត្ថម្ភ ប្រចាំថ្ងៃ ក្រុមដេរលឿនបានប្រាក់សរុបមួយខែ ជាង២០០ដុល្លារ ក្រុមដេរជាមធ្យម ក្នុងមួយខែបាន១៥០ដុល្លារ ក្រុមដេរយឺតក្នុងមួយខែបានត្រឹម៨០ដុល្លារប៉ុណ្ណោះ ហើយបើបញ្ចុះតម្លៃឈ្នួលហើយកាត់ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃទៀត មិនអាចទទួលយកបានទេ បើប្រៀបធៀបទៅប្រាក់ខែគោលរបស់កម្មករ កម្មការិនី ដែលរាជរដ្ឋាភិបាលកំណត់គឺ១៤០ដុល្លារក្នុងមួយខែ រួមទាំងប្រាក់បន្ថែមម៉ោង ។
ប្រាក់សោហ៊ុយធ្វើដំណើរ ប្រាក់ថ្លៃអាហារ និងប្រាក់គាំពារសុខភាព សរុបជាង២០០ដុល្លារ ទៅ៣០០ដុល្លារក្នុងមួយខែ ហើយសិប្បកម្មឆាយចិននេះ ឲ្យប្រាក់ឈ្នួលទាបពេក ហើយតំណាងកម្មការិនីបានដាក់ពាក្យបណ្តឹងតវ៉ា ទៅមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្ត កាលពីថ្ងៃទី៥ កញ្ញា ២០១៦រួចហើយ ដើម្បីឲ្យជួយសម្របសម្រួលឲ្យថៅកែរោងចក្រមកជួបតំណាងកម្មការិនី ដោះស្រាយ ក៏ប៉ុន្តែគួរឲ្យសោកស្តាយ ពុំឃើញលោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញមុខមកដោះស្រាយឡើយមកដល់ថ្ងៃទី៦ ខែកញ្ញានេះ ។
បើតាមស្ត្រីម្នាក់ ជាជនជាតិចិនដែលនៅមើលការខុសត្រូវ ក្នុងរោងចក្រឆាយចិននេះ ឆ្លើយយ៉ាងខ្លីថា ថៅកែ មិននៅទេ ទៅស្រុកចិនបាត់ហើយ ។ រីឯសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា រោងចក្រមួយនេះ ដូរថៅកែច្រើននាក់មកហើយ កាលពីឆ្នាំ២០០៧ រោងចក្រនេះ មានឈ្មោះថា រោងចក្រកាត់ដេរ នរ័មែន ហើយបានដូរថៅកែរច្រើននាក់ ក៏ដោយ គឺមិនបានផ្តូរស្លាកយីហោ រោងចក្រកាត់ដេរនរ័មែននោះទេ ក៏ប៉ុន្តែ ស្លាកយីហោខាងក្នុង គឺប្តូរ តាមថៅកែថ្មីនោះ ហើយថៅកែទាំងនោះបានរក្សាតម្លៃឈ្នួល និងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ដូចថៅកែមុនៗ រីឯ ថៅកែថ្មីក្រោយនេះ ស្លាកយីហោ ខាងក្នុង ឈ្មោះ សិប្បកម្មឆាយចិន ហើយមិនបានទម្លាក់ស្លាកយីហោរោងចក្រមុនចោលទេ បើអ្នកធ្វើដំណើរស្គាល់ថា រោងចក្រកាត់ដេរ ន័រមែន ហើយថៅកែថ្មីនេះ លើកទឹកចិត្តដល់ក្រុមកម្មការិនីណាដែល ដេរបានលឿន អ្នកដេរយឺតមិនពេញចិត្តឡើយ ហើយបានទម្លាក់តម្លៃឈ្នួលហើយបានកាត់ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃទៀត ទើបកម្មការិនីនាំគ្នាធ្វើកូដកម្មតវ៉ាទាមទារ ឲ្យរក្សាប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភៈប្រចាំថ្ងៃ នៅដដែល ៕ យឹម សុថាន