ព័ត៌មានទាន់ហេតុការណ៍៖

ហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងខណ្ឌចំការមន មានមនុស្សប្រុស ស្រី៤នាក់រងរបួសធ្ងន់ និងស្រាល និងខូចខាតរថយន្តសេរីទំនើប៣គ្រឿងថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍ផ្ទុះគ្រាប់បែកដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំកណ្តាលរាជធានីភ្នំពេញ និងបណ្តាលឱ្យរថយន្តសេរីទំនើប៣គ្រឿង រងការខូចខាត រួមទាំងមានមនុស្សប្រុស ស្រី៤នាក់ រងរបួសធ្ងន់ និងស្រាល ដែលនៅក្នុងនោះមានជនជាតិវៀតណាមម្នាក់ និងឥណ្ឌាម្នាក់ផងដែរ ហើយភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកដ៏ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅវេលាម៉ោង៧នឹង៤០នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខ អេសីុ គំនូរផ្សាយពាណិជ្ចកម្ម តាមបណ្តោយផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ទី១មានឈ្មោះ ចាន់ វន្នី ភេទស្រី ជនជាតិខ្មែរ អាយុ៣៧ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្នាក់នៅម្តុំភ្នំពេញថ្មី ខណ្ឌសែនសុខ ទី២ ឈ្មោះម៉ីង ហូវ ភេទប្រុស ជនជាតិវៀតណាម អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវបោះដុំក្នុងផ្សារអូឫស្សី ស្នាក់នៅម្តុំទួលទំពូង ខណ្ឌចំការមន (អ្នកទាំង២យកទៅពេទ្យកាល់ម៉ែត្រ) និងទី៣ ឈ្មោះ DHARMENDRA SINGH KSHETRIMAYUM ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរគ្រូបង្រៀន ជនជាតិឥណ្ឌា ស្នាក់នៅផ្ទះលេខ៤៥បេ ផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន (យកទៅពេទ្យមិត្តភាពខ្មែរសូវៀត) និងទី៤ឈ្មោះ សេង ជា ភេទប្រុស អាយុ៥៨ឆ្នាំ ជាមន្រ្តីនៃនាយកដ្ឋានក្រសួងមហាផ្ទៃ ស្នាក់នៅភូមិដើមច័ន្ទ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (យកទៅពេទ្យលោកសង្ឃ) ។

ប្រភពដដែលបានបង្ហើបប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុ គឺមានគេបានឃើញម៉ូតូ១គ្រឿងបើកឌុបគ្នា២នាក់ បានបើកមកអែបរថយន្តម៉ាកលុចស៊ី RX៣០០ ពណ៌ស បានធ្វើសកម្មភាព បោះគ្រាប់បែកចូលក្រោមកង់រថយន្តបណ្តាលអោយផ្ទុះ ប៉ុន្តែមិនបណ្តាលអោយអ្នកបើករថយន្តរង របួសនោះទេ ក្នុងហេតុការណ៍នេះ គឺបែរជាបណ្តាលអោយអ្នកធ្វើដំណើរតាមផ្លូវ ប្រុស ស្រីចំនួន៤នាក់ រងរបួសធ្ងន់ និងស្រាល ហើយជនរងគ្រោះក៏ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនសង្ស័យបានគេចខ្លួនបាត់ ។

ភ្លាមៗនោះដែរ គេបានឃើញទាំងសមត្ថកិច្ច និងកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ បានចុះមកអន្តរាគមន៍ភ្លាមៗ ដល់កន្លែងកើតហេតុ ក្នុងនោះស្នងការរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានដឹកនាំកម្លាំងចុះមកពិនិត្យដល់កន្លែងកើតហេតុផងដែរ ។

នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកខាងលើនេះ គឺសមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថា ជាករណីអ្វីឱ្យពិតប្រាកដនោះទេ គឺរង់ចាំការពិនិត្យកន្លែងកើតហេតុ យកអ្នកដែលឃើញហេតុការណ៍ទៅសួរនាំ និងកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យ ។

ប៉ុន្តែបើតាមរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពក្បែរកន្លែងកើតហេតុ ដែលត្រូវបានគេបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញថា គឺមានជនមិនស្គាល់មុខ២នាក់ ជិះម៉ូតូម្នាក់១គ្រឿង បានជិះមកទំលាក់គ្រាប់បែកនៅកណ្តាលផ្លូវ ហើយនៅពេលរថយន្តម៉ាកលុចស៊ី RX៣០០ បើកមកជិតគឺផ្ទុះតែម្តងរងការខូចខាត ចំណែករថយន្តសេរីទំនើប២គ្រឿងទៀតបែកកញ្ចក់ និងបែកកង់ក្រោយនោះ ឈប់ចតស្ងៀមលើចិញ្ចើមផ្លូវ ៕ ជីម ភារ៉ា ដង្កោ

 

IMG_3748 IMG_3747 IMG_3741 IMG_3735 IMG_3722


ចែករំលែក៖