ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីទស្សនកិច្ច គម្រោងសាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀន និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា

ចែករំលែក៖

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញទស្សនកិច្ច គម្រោងសាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀន និងការប្រើប្រាស់ប្រព័ន្ធគ្រប់ គ្រងការសិក្សា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងទាំងពីរ តំណាង ទីស្ដីការគណៈរដ្ឋមន្ត្រី យូណេស្កូប្រចាំនៅកម្ពុជា ទីភ្នាក់ ងារ KOICA ប្រចាំកម្ពុជា ស្ថាប័នផ្សព្វផ្សាយអប់រំនៅកម្ពុជា (EBC) អង្គការខេប វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រុមហ៊ុនស្មាត (Smart Axiata) ក្រុមហ៊ុន Viettel Group (Metfone) ក្រុមហ៊ុន Cellcard ទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) និងលោកគ្រូ អ្នកគ្រូ។

ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នផ្សព្វផ្សាយអប់រំនៅកម្ពុជា (EBC) កម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលត្រូវបានដាក់ឱ្យដំណើរការសាកល្បង នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលក្នុងនោះ មានសកម្មភាពសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងការផលិតមាតិកាអប់រំ ការបណ្តុះ បណ្តាលធនធានមនុស្ស(គ្រូបង្រៀន) ពីរបៀបប្រើប្រាស់ថ្នាលគ្រប់គ្រងការសិក្សា និងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ ដូចជាការបំពាក់កុំព្យូទ័រ ថាប្លែត អគ្គិសនី ការតភ្ជាប់អ៊ីនធឺណិត និងការតម្លើង WiFi នៅទូទាំងវិទ្យាល័យ។

តាមរយៈលទ្ធផលនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីសាកល្បងនេះ បានបង្ហាញឱ្យឃើញបច្ច័យវិជ្ជមាននៃការចាប់យកបច្ចេកវិទ្យាឌីជីថល និងទទួលបានការគាំទ្រពីគណៈគ្រប់គ្រងវិទ្យាល័យ គ្រូ បង្រៀន សិស្ស អាណាព្យាបាល និងសហគមន៍សិក្សានានា លើការប្រើប្រាស់ថ្នាលគ្រប់គ្រងការសិក្សានិងមាតិកាឌីជីថលសម្បូរបែប ដែលជាឃ្នាស់ជំរុញការបង្រៀននិងរៀនតាមបែបស្វ័យសិក្សាគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ចំណេញពេលវេលា ថវិកា និងលើកកម្ពស់គុណភាពសិក្សា ចរិយា សីលធម៌ របស់សិស្សានុសិស្ស។

ក្រោយពីស្ដាប់របាយការណ៍សង្ខេបដោយរដ្ឋលេខាធិការ និងប្រសាសន៍សំណេះសំណាលរបស់ បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួចមក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោត សរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានសហការគ្នាប្រកបដោយជវភាពយ៉ាងក្លៀវក្លាក្នុងការចូលរួមលើកកម្ពស់បរិវត្តកម្មអប់រំប្រកបដោយគុណភាព។ ក្រោមការជួយទំនុក បម្រុងពីសំណាក់បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអតីតសិស្សនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពផងដែរនោះ បានជួយគាំទ្រដល់សាលាដែលអាចប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ក្នុងការរៀននិងបង្រៀន។ នេះជាការ អនុវត្តជាក់ស្ដែងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផ្ដោតលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ 

សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលសិក្សារបស់សិស្សដែលទទួលបាននិទ្ទេស A B C លើអាត្រាថ្នាក់ជាតិ ១៤%ខណៈត្រូវបន្តខិតខំបន្ថែមទៀតដើម្បីកែលម្អឆ្ពោះទៅរកលទ្ធផលថ្នាក់ជាតិឱ្យកាន់តែប្រសើរឡើងដោយអនុវត្តការកែលម្អម៉ោងសិក្សា បង្រៀនម៉ោងបន្ថែម មានក្លិបសិក្សា ការស្វ័យសិក្សា ពង្រឹងមូលដ្ឋានគ្រឹះសិស្ស ដាក់បញ្ចូលនូវបញ្ញាសិប្បនិម្មិត (AI) ក្នុងការរៀននិងបង្រៀន ក៏ដូចជារកចំណុចខ្លាំងរបស់សិស្ស និងប្រើឱ្យចំចំណុចខ្លាំងរបស់គ្រូ ព្រោះសិស្សម្នាក់ៗមានទេពកោសល្យរៀងៗខ្លួន ដោយត្រូវផ្ដល់ឱកាសដល់ពួកគាត់ទៅតាមចំណង់ចូលចិត្ត ភ្ជាប់ជាមួយការបណ្ដុះបណ្ដាលសីលធម៌ ចរិយាធម៌។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជំរុញនិងលើកទឹកចិត្តដល់គណៈគ្រប់គ្រងឱ្យរៀបចំផែនការមេក្នុងការប្រែក្លាយវិទ្យាល័យ ហ៊ុន សែន សេរីភាព ទៅជាវិទ្យាល័យបច្ចេកវិទ្យាអប់រំសាកល្បង ដើម្បីផ្ដល់ឱកាសឱ្យសិស្សបានរៀនសូត្រដោយផ្សារភ្ជាប់នឹងបច្ចេកវិទ្យា៕

ដោយ៖ សូរិយា


ចែករំលែក៖