ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងកាលពីថ្ងៃទី៦ ខែកញ្ញា ទៅលើកូរ៉េខាងជើងដែលបាញ់មីស៊ីលសាកល្បង និងគំរាមចាត់វិធានការមានប្រសិទ្ធភាពបន្ថែមប្រឆាំងក្រុងព្យុងយ៉ាង ។
មីស៊ីលយ៉ាងតិច៣គ្រាប់កូរ៉េខាងជើងបានបាញ់កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះខណៈមេដឹកនាំប្រទេសមានសេចក្តីរីកចម្រើនទាំង២០ ឬ G-20 នោះកំពុងជួបប្រជុំនៅប្រទេសចិន ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទះដៃសាទរចំពោះជោគជ័យនៃការបាញ់មីស៊ីលនេះ ខណៈដែលលោកអូបាម៉ា ប្រធានាធិបតីអាមេរិក ព្រមានថា ខ្លួនមិនអាចនៅស្ងៀមទៀតឡើយ ។
សមាជិកទាំង១៥នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានថ្លែងការណ៍ថា កូរ៉េខាងជើងបានរំលោភលើកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនណាស់ ក៏ដូចរំលោភលើការសម្រេចរបស់ក្រុមប្រឹក្សាអ.ស.ប. ។ កូរ៉េខាងជើងគួរតែអត់ធ្មត់ បញ្ឈប់សកម្មភាពបន្តទៀត ដូចជាការសាកល្បងនុយក្លេអ៊ែរជាដើម និងចូលរួមអនុវត្តឲ្យបានម៉ត់ចត់កាតព្វកិច្ចរបស់ខ្លួនស្ថិតក្រោមដំណោះស្រាយរបស់ក្រុមប្រឹក្សាអ.ស.ប. ។
ក្រុមប្រឹក្សាសន្តិសុខបន្តយកចិត្តទុកដាក់ត្រួតពិនិត្យស្ថានការ និងចាត់វិធានការចាំបាច់បន្ថែមប្រសិនបើអាច និងអំពាវនាវភាគីពាក់ព័ន្ធទាំងអស់ចូលរួមការងារដើម្បីបន្ថយកម្តៅតានតឹង ៕ ថាច់ យ៉ាត