ភ្នំពេញ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានលងទឹកស្លាប់ បន្ទាប់ពីរួបគេ និងមិត្តភក្តិមានគ្នា៥នាក់នាំគ្នាទៅឃ្វាលគោហើយបានចុះលេងទឹកត្រពាំង កាលពីពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៦ នៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះឆន សំណាង ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្ស។ មានឱពុក ឈ្មោះឆន ទូច ភេទប្រុសអាយុ៤៧ឆ្នាំ មុខរបបើកបររថយន្ត ចំណែកម្តាយឈ្មោះណប់ ស្រីនាង អាយុ៤៤ឆ្នាំ មុខរធ្វើការរោងចក្រ។ ស្នាក់នៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ ។
តាមការៀបរាប់ពីក្មេងៗដែលទៅឃ្វាលគោជាមួយគ្នាបានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគេមានគ្នា៥នាក់បានទៅមើលគោនៅវាលស្រែ ។ បន្ទាប់មក មានក្មេងប្រុស២នាក់ បានរត់ទៅដេញគោរបស់គេ ដោយនៅសល់៣នាក់នៅអង្គុយលេងជិតមាត់ត្រពាំងមួយកន្លែង ក្រោយមកឈ្មោះឆន សំណាង បានចុះទៅលេងទឹកត្រពាំងតែម្នាក់ឯង ដោយ២នាក់ទៀតអង្គុយខាងលើ ខណៈកំពុងលេងទឹកសុខៗ ស្រាប់តែលង់ទឹក ពេលនោះក្មេងៗ ដែលនៅខាងលើឃើញដូចនេះ ទើបនាំគ្នារត់ទៅប្រាប់អ្នកភូមិដើម្បីសង្គ្រោះ តែដោយអកុសល់ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ សពត្រូវបានអ្នកភូមិសែងយកទៅផ្ទះ និងរាយការណ៍ទៅសមត្ថកិច្ចដើម្បីពិនិត្យជាក់ស្តែង សមត្ថកិច្ចជំនាញ់បានបញ្ជាក់ថា សពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនទើបប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែន័យ