ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ កុមារភាពនៅកងចល័ត(តចប់)

ចែករំលែក៖

* ជួបគ្រួសារទាំងភាពសោកសៅ:

   ថ្ងៃគងមាត់ព្រៃទៅហើយ ខ្ញុំចាប់ផ្ដើមធ្វើដំណើរទៅផ្ទះយ៉ាងប្រញាប់ ព្រោះខ្ញុំដឹងថា ខ្ញុំគ្មានពេលនៅជាមួយគ្រួសាររបស់ខ្ញុំបានយូរនោះទេ។ ពេលទៅដល់ផ្ទះខ្ញុំឃើញម៉ែ និងពុករបស់ខ្ញុំកំពុងនៅលើផ្ទះ។ ខ្ញុំបានរត់ឡើងទៅឱបម៉ែ ឪពុក ដោយសេចក្តីនឹករលឹកជាមួយនឹងដំណក់ទឹកភ្នែកដែលហូរចុះមិនអាចបញ្ឈប់បាន។ ឃើញផ្ទះស្ងាត់ជ្រងំ ខ្ញុំបានសួរទៅកាន់ម៉ែថា តើបងៗ និងប្អូនៗទៅណាអស់ហើយ? គាត់ឆ្លើយទាំងទឹកមុខត្រៀមក្រំថា ពួកគេទៅធ្វើការតាមការដ្ឋានអស់ហើយ។  ពេលនោះខ្ញុំរឹតតែដឹងថា អ្វីៗដែលខ្ញុំសង្ឃឹមពីការដ្ឋាន សជុល នោះគឺខុសទាំងស្រុង។ ពុក ម៉ែ របស់ខ្ញុំបានសួរនាំខ្ញុំជាច្រើនពីការដ្ឋាន សជុល ហើយខ្ញុំបានរៀបរាប់ប្រាប់គាត់ទៅតាមដំណើររឿង។  បន្ទាប់មក ខ្ញុំបានប្រាប់ម៉ែថាស្អែកនេះខ្ញុំត្រូវទៅលើកដីនៅភូមិប្រឡាយទៀតហើយម៉ែ។ ពុកម៉ែរបស់ខ្ញុំមានទឹកមុខក្រៀមក្រំ មិនសប្បាយចិត្តទេ ពេលឮខ្ញុំនិយាយដូច្នោះ ព្រោះពួកគាត់មិនចង់បែកពីខ្ញុំឡើយ។

 * ការដ្ឋាននៅប្រឡាយ:

   ពេលព្រឹកឡើងមេឃមិនទាន់ទាំងភ្លឺផង មាន់ក៏រងាវដាស់ខ្ញុំពីដំណេកដើម្បីឲ្យខ្ញុំរៀបចំអីវ៉ាន់ត្រៀមបន្តដំណើរទៅមុខទៀត។មិនយូរប៉ុន្មាន ខ្ញុំឮសំឡេងមនុស្ស អ៊ូអរដើរមកដល់ក្បែរផ្ទះរបស់ខ្ញុំហើយមានមនុស្សស្រែកហៅខ្ញុំឲ្យចុះទៅដី។ ខ្ញុំក្រាបថ្វាយបង្គំលាម៉ែនិងពុករបស់ខ្ញុំ។ ខ្ញុំដើរចុះបណ្តើរមើលគាត់បណ្ដើរ បង្ហាញពីភាពមិនដាច់អាល័យពីគាត់ឡើយ។ នៅតាមផ្លូវលើកនេះ មិនខុសពីមុនទេទឹកមុខខ្ញុំស្វិតស្រពោន។ ការដ្ឋានលើកនេះនៅក្បែរផ្ទះគ្រាន់បើជាងមុន។ បន្ទាប់ពីធ្វើដំណើរអស់មួយព្រឹក ក្រុមរបស់ខ្ញុំបានទៅដល់ការដ្ឋាននៅប្រឡាយ។ ប្រធានកងឲ្យយើងរៀបចំកន្លែងដេកមិនខុសពីការរដ្ឋាន សជុល ទេ ។ អង្គការបានសង់រោងមួយវែងសម្រាប់ដាក់មនុស្សដេកនៅជុំគ្នាច្រើន ប៉ុន្តែពេលថ្ងៃមិនមានមនុស្សនៅទេ ព្រោះយើងចេញទៅធ្វើការនៅតាមការដ្ឋានអស់ហើយ។ រោងយើងស្ថិតនៅក្នុងស្រែខុសពីរោងនៅការដ្ឋានសជុលដែលស្ថិតនៅក្នុងព្រៃ។ ចំណែកការងាររបស់យើងមិនខុសគ្នាទេ ពេលព្រឹកយើងត្រូវក្រោកពីម៉ោង ៤ ភ្លឺទៅធ្វើការនឹងមកហូបបបរវិញនៅម៉ោង ១០ រួចក៏ទៅធ្វើការបន្តរហូតដល់ម៉ោង ៤រសៀលទើបសម្រាកហូបបាយ។ យើងគ្មានម្ហូបឆ្ងាញ់ទេ។ ជួនកាលចុងភៅស្លសម្លត្រាវ។ជួនកាលស្លបង់ប្រហុក ដោយមិនមានបង់បន្លែនិងត្រីទេ។ ហូបអាហារល្ងាចរួចយើងត្រូវបន្តទៅធ្វើការតាមវាលស្រែរហូតដល់ម៉ោង ១០ យប់ទើបអាចសម្រាកបាន។ ការងារនៅការដ្ឋាននេះប្រធានកងឲ្យខ្ញុំរែកដី។ឬជីកដីដាក់បង្គី។ថ្វីត្បិតតែការងារហត់បន្តិចពិតមែន។ប៉ុន្តែពេលខ្លះក៏សប្បាយដែរព្រោះមានមនុស្សឧទ្យាពិធីបុណ្យចូលឆ្នាំនៅវត្តដែរ។ ក្នុងមួយសប្តាហ៍ប្រធានកងឲ្យធ្វើការចំនួន 6 ថ្ងៃដោយទុកថ្ងៃអាទិត្យមួយថ្ងៃសម្រាកហើយចុងភៅបានធ្វើបាយទ្រាបឲ្យយើងហូបក្នុងម្នាក់បានមួយដុំដែរ។

   ថ្ងៃមួយខ្ញុំបានធ្លាក់ខ្លួនឈឺដូចពេលដែលខ្ញុំទៅការដ្ឋានសជុល អ៊ីចឹង។ ដំបូងខ្ញុំគ្រាន់តែក្តៅខ្លួនបន្តិចតែប៉ុណ្ណោះ ខ្ញុំនៅតែធ្វើការជាធម្មតាដោយមិនបានប្រាប់ប្រធានកងទេ ព្រោះខ្លាចមានអ្នកទិតៀន។នៅថ្ងៃបន្ទាប់ខ្ញុំក្តៅរងាខ្លាំង ហើយខ្ញុំបានប្រាប់ប្រធានកងថា ខ្ញុំមិនអាចទៅធ្វើការបានទេ។ ប្រធានកងក៏មិនបានថាអ្វីដែរ ព្រោះប្រហែលជាគាត់មើលឃើញអាការៈខ្ញុំដូច្នោះមែន។ គាត់បានប្រាប់មិត្តភក្កិរបស់ខ្ញុំឲ្យទៅប្រាប់ពេទ្យ។បពេលនោះខ្ញុំចាប់ផ្ដើមនឹកដល់ម៉ែជាខ្លាំងព្រោះកាលពីមុនពេលដែលខ្ញុំឈឺម៉ែតែងតែទៅសួរនាំ។និងថែទាំខ្ញុំជានិច្ច។ប៉ុន្តែពេលនេះខ្ញុំត្រូវដេកនៅរោងតែម្នាក់ឯង។រងាក៏រងារកអ្នកណានៅជាមួយក៏គ្មានដែរ។ ខ្ញុំបានបន់ស្រន់នៅក្នុងចិត្តទាំងដែលដឹងថាខុសនឹងច្បាប់របស់អង្គការ។ខ្ញុំកំពុងតែបន់ស្រន់។ស្រាប់តែឮសំឡេងជើងមនុស្សដែលស្រាប់ៗមកកាន់តែជិតខ្ញុំធ្វើឲ្យខ្ញុំភ្ញាក់ព្រើត។ ខ្ញុំប្រឹងក្រោកមើលស្រាប់តែឮសំឡេងសួរខ្ញុំថា កើតអីសមមិត្ត? ខ្ញុំក្រឡេកមើលទៅឃើញថា គាត់ជាគ្រូពេទ្យទើបតបវិញថា ខ្ញុំមិនស្រួលខ្លួន មិនដឹងជាកើតអ្វីទេ ខ្ញុំចេះតែក្តៅខ្លួន ហើយព្រឺរងាៗ ប្រហែលជាគ្រុនហើយទេដឹង។ គាត់ស្ទាបកខ្ញុំ រួចនិយាយថាក្មួយគ្រុនហើយ ! រួចគាត់យកថ្នាំហុចឲ្យខ្ញុំលេប។ ខ្ញុំលេបថ្នាំនោះហើយក៏មិនឃើញមានការធូរស្រាលអ្វីទេ ប៉ុន្តែខ្ញុំបានសម្រាកប្រហែល ៣ ថ្ងៃ ខ្ញុំក៏មានអាការៈគ្រាន់បើឡើងវិញ។

   បន្ទាប់ពីបានធូរពីជំងឺបន្តិច ខ្ញុំបន្តទៅធ្វើការងារទៀតទាំងដែលមិនទាន់មានកម្លាំងនៅឡើយ។ពេលខ្ញុំកំពុងធ្វើការ ខ្ញុំអស់កម្លាំងឡើងញ័រដៃ ញ័រជើង ប៉ុន្តែនៅតែតស៊ូ បើមិនដូច្នោះអង្គការនឹងថាយើងធ្វើពុតជាក់ជាមិនខាន។ ខ្ញុំតស៊ូធ្វើការនៅការដ្ឋាននោះរហូតដល់បិទវគ្គ។ អង្គការបានធ្វើកម្មវិធីបិទវគ្គចំនួនមួយព្រឹកនៅសល់មួយល្ងាចបានអនុញ្ញាតឲ្យពួកយើងត្រឡប់មកលេងផ្ទះ ប៉ុន្តែអង្គការបានប្រាប់យើងថា ព្រឹកឡើងពួកយើងនឹងចាប់ផ្ដើមចេញដំណើរទៅត្បូងក្រពើបន្តទៀត។ ឮថាបានទៅលេងផ្ទះ ខ្ញុំសប្បាយចិត្តជាខ្លាំង ក្នុងចិត្តរបស់ខ្ញុំស្ទើរតែផ្ទុះទៅហើយ។ ខ្ញុំនិងមិត្តភក្តិរត់ផង សើចផងចេញទៅដើម្បីប្រញាប់មករៀបចំសម្ភារចេញទៅផ្ទះដែលមានចម្ងាយផ្លូវពីប្រឡាយទៅផ្ទះរបស់ខ្ញុំមិនឆ្ងាយប៉ុន្មានទេ។ ខ្ញុំត្រូវចំណាយពេលជាងមួយម៉ោងដោយធ្វើដំណើរថ្មើជើង។

* ជួបគ្រួសារជាថ្មី :

   ទោះបីជាពេលធ្វើដំណើរជួបអាកាសធាតុក្តៅខ្លាំងយ៉ាងណា ខ្ញុំក៏មិនមានអារម្មណ៍ថាអាកាសធាតុក្តៅនោះទេ ព្រោះខ្ញុំសប្បាយចិត្តដែលបានទៅជួបជាមួយម៉ែពុក និងបងប្អូនរបស់ខ្ញុំសាជាថ្មី។ កាលនោះនៅតាមផ្លូវសុទ្ធតែព្រៃមានទាំងសត្វស្លាបនិងសត្វចតុប្បាទផ្សេងៗទៀត។ ពួកវាយំកងរំពងពាសពេញព្រៃ។ ខ្ញុំដើរផង ធ្វើសំឡេងតាមសត្វទាំងនោះផងបង្កភាពកាន់តែសប្បាយរីករាយនៅតាមផ្លូវថែមទៀត។ បន្ទាប់ពីធ្វើដំណើរអស់ជាងមួយម៉ោង ខ្ញុំបានទៅដល់ផ្ទះ ។ ម៉ែពុក និងប្អូនរបស់ខ្ញុំដែលមកលេងផ្ទះបានឃើញខ្ញុំហើយ ហៅខ្ញុំដោយសំឡេងខ្លាំងៗបង្ហាញពីក្តីនឹករលឹកជាខ្លាំង។ យើងរត់ឱបគ្នាជាមួយនឹងទឹកភ្នែកហូរចេញមកដោយមិនដឹងខ្លួន។ យើងខានហូបបាយជាមួយគ្នាបែបនេះយូរហើយ។ យើងនិយាយលេងជាមួយគ្នាបណ្ដើរ រៀបរាប់ពីអ្វីៗដែលយើងបានជួបប្រទះបណ្ដើរ។ ម៉ែរបស់ខ្ញុំប្រែប្រួលទឹកមុខអាណិតខ្ញុំ ហើយគាត់បានប្រាប់ និងណែនាំខ្ញុំឲ្យប្រឹងអត់ធ្មត់កុំឲ្យតមាត់ជាមួយអង្គការ។ ពេលព្រឹកខ្ញុំក្រោកឡើងពីព្រលឹមដើម្បីរៀបចំចេញដំណើរទៅការដ្ឋានត្បូងក្រពើទៀត។ 

 * ភាពជូរចត់នៅត្បូងក្រពើ:

   យើងត្រូវចំណាយពេលអស់ពេញមួយថ្ងៃ ទើបធ្វើដំណើរទៅដល់ត្បូងក្រពើ។ បន្ទាប់ពីទៅដល់យើងចាប់ផ្ដើមនាំគ្នាសង់រោងសម្រាប់ដេកដូចនៅតាមការដ្ឋានមុនៗដែរ។ ការងារដែលពួកយើងធ្វើនៅទីនោះក៏មិនខុសពីការដ្ឋាននៅប្រឡាយដែរ គឺយើងត្រូវលើកដី ធ្វើប្រឡាយ និងទំនប់សម្រាប់បំពេញតម្រូវការខាងវិស័យកសិកម្ម។

   ដោយសារតែធ្វើការងារធ្ងន់ជារៀងរាល់ថ្ងៃ ខ្លួនប្រាណរបស់ខ្ញុំ និងប្រជាជនផ្សេងទៀតធ្លាក់ស្គមស្គាំងមានតែឆ្អឹង។ ថ្ងៃមួយខ្ញុំធ្លាក់ខ្លួនឈឺម្ដងទៀត។ ខ្ញុំឈឺលើកនេះមិនដូចលើកមុនទេ។ ខ្ញុំឈឺរហូតដល់ដេកនៅលើកន្ទេល ក៏មិនបានជាសះស្បើយដែរ។ ប្រធានកងឃើញខ្ញុំបែបនេះ បានអនុញ្ញាតឱ្យខ្ញុំសម្រាកបណ្ដោះអាសន្នសិន។ប្រធានកងម្នាក់នេះមិនសូវកាចទេ គាត់ចេះយល់ពីទុក្ខធុរ:កូនក្រុមណាស់។

   ថ្ងៃមួយពុករបស់ខ្ញុំបានបរទេះដឹកបន្លែ និងលាមកទៅក្បែរតំបន់ការដ្ឋានរបស់ខ្ញុំ។ គាត់បានចូលមើលខ្ញុំនឹងបានយំ ព្រោះតែអាណិតខ្ញុំ។ គាត់ចង់យកខ្ញុំមកផ្ទះប៉ុន្តែគាត់មិនអាចធ្វើដូច្នោះបានទេ គាត់បានត្រឹមតែយំអាណិតកូនប៉ុណ្ណោះ។ ក្រោយមកខ្ញុំបានជាសះស្បើយហើយទៅធ្វើការបន្តរហូតដល់ចប់ការរដ្ឋាននៅត្បូងក្រពើទៀត។ មិនយូរប៉ុន្មានរបបខ្មែរក្រហមបានបញ្ចប់ដែរ។

   យើងទាំងអស់គ្នាបានវិលត្រឡប់មកផ្ទះវិញរៀងៗខ្លួនដោយមានរដ្ឋអំណាចចែកស្រូវបន្តិចបន្តួចឲ្យសម្រាប់យកទៅបរិភោគនិងធ្វើជាពូជបន្តទៀត៕ (ចប់ដោយបរិបូណ៌)


ចែករំលែក៖