ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ កុំបាច់បារម្ភផ្លូវទៅកោះកុងទៀត…!

ចែករំលែក៖

ខេត្ត​កោះកុង​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ស្ទើរគ្រប់កំណាត់ នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)បានរួចរាល់ហើយ ដែលមានន័យថា បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានយ៉ាងងាយស្រួល អមដោយរុក្ខជាតិ ព្រៃព្រឹក្សាខៀវស្រងាត់ ត្រជាក់ភ្នែក ជាទីដ៏មនោរម្យមិនអាចកាត់ថ្លៃបាន។

លោកអ្នកនាំពាក្យ​រូបនេះ​ បានគូសបញ្ជាក់ទៀត​ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ សម្រេចលទ្ធផល៩៣,២៨%ហើយ។​ គ្រប់កំណាត់ នៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងសម្រុកអ៊ុត AC, គូសគំនូសចរាចរណ៍បែកចែកទ្រូង, ដំឡើងបង្គោលគីឡូម៉ែត្រ, ដំឡើងផ្លាកសញ្ញាចរាចរណ៍, ដំឡើងផ្លាកសញ្ញាកំណត់ល្បឿន…។ល។

ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ ក៏សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលបានយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កំពុងមមាញឹកនេះ។ សូមអរគុណ និងសូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព! 

ដោយ​៖ តារា​


ចែករំលែក៖