ខេត្តស្ទឹងត្រែង៖ មន្ត្រីនគរបាលខេត្ត ស្ទឹងត្រែងបាននិងកំពុងដាក់ការសង្ស័យ ពាក់ព័ន្ធនឹងករណីឃាតកម្មបង្កឲ្យមនុស្សម្នាក់ស្លាប់កាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី៦ ខែកញ្ញា នៅចំណុច ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹង ត្រែង។
មន្ត្រីនគរបាលជំនាញបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឹុម ម៉ៅ ភេទប្រុស អាយុ៥១ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូច ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បច្ចុប្បន្ន ស្នាក់នៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុក ថាឡាបរិវ៉ាត់។ សពជនរងគ្រោះត្រូវគេ ប្រទះឃើញស្លាប់ក្នុងថ្លុកឈាមដោយស្លៀកខោប៉ារ៉ាពណ៌ទឹកដោះគោជើងវែងពាក់អាវយឺតដៃខ្លីពណ៌ទឹកដោះគោដោយស្លាប់ផ្កាប់មុខលើដី និងមានស្នាមរបួសសុសក្បាលផ្នែកខាងមុខ និងខាងក្រោយ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់ជ្រៃ បានឲ្យដឹងបន្ថែមថា មុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយកម្មករបានផឹកស្រាជុំគ្នានៅផ្ទះរបស់កម្មករម្នាក់ទៀតដែលនៅជាប់នឹងផ្លូវជាតិលេខ៩រហូតដល់ពេល ល្ងាច ទើបពួកគេបែកផ្លូវគ្នាត្រឡប់ទៅផ្ទះ វិញរៀងៗខ្លួន។ ចំណែកជនរងគ្រោះបាន ដើរត្រឡប់ទៅផ្ទះនៅឯចម្ការតែម្នាក់ឯង។ ក្រោយមកក៏ត្រូវជនមិនស្គាល់មុខស្ទាក់ វាយនឹងវត្ថុរឹងត្រូវចំក្បាលបណ្តាលឲ្យស្លាប់នៅលើផ្លូវលំក្បែរប្រឡាយទឹកចម្ងាយពីផ្លូវជាតិលេខ៩ជាង១០០០ម៉ែត្រ។
មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបាន បញ្ជាក់ថា បច្ចុប្បន្នជំនាញបាននិងកំពុងស្រាវជ្រាវព្រមទាំងដាក់ការសង្ស័យថាជារឿងគំនុំ ហើយជនសង្ស័យអាចមានគ្នាចាប់ពី២នាក់ឡើងទៅដោយរៀបចំគម្រោងគិតទុកជាមុន៕ ហេង នរិន្ទ្រ