ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះក្នុងគ្រួសារ ប្អូនថ្លៃលើកដៃវាយក្បាលបងថ្លៃស្លាប់ ពេលបញ្ជូនសម្រាកមន្ទីរពេទ្យបាន៤ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ បានស្លាប់ បន្ទាប់កើតមានជម្លោះក្នុងគ្រួសារបន្តិចបន្តួច ត្រូវបានប្អូនថ្លៃប្រុស ប្រដាប់ដោយបន្ទះដែកវាយក្បាល បណ្តាលឲ្យបែករងរបួសធ្ងន់ នៅភូមិត្រពាំងអញ្ចាញ៣ សង្កាត់ត្រពាំងក្រសាំង រួចក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពទ្យរុស្សី កាលពីវេលាម៉ោង៧យប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ តែសម្រាកព្យាបាលបាន៤ថ្ងៃ ជាអនិច្ចារ្យបានស្លាប់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី០៧ ខែកញ្ញា ទើបដឹកត្រឡប់ មកដំកល់ទុកធ្វើបុណ្យនៅរោងបុណ្យ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពិធិ៍សែនជ័យ ។

ស្រ្តីរងគ្រោះ រហូតដល់ស្លាប់ឈ្មោះ រ័ត្ន សៀម អាយុ៥៨ឆ្នាំ មុខរបរនៅផ្ទះ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ស្រុកកំណើតភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ចំណែកជនសង្ស័យ ដៃដល់មានឈ្មោះ ផាន់ ធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កម្មករសំណង់ ត្រូវបានគេបញ្ឈប់ ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ ស្នាក់នៅជាមួយគ្នា ស្រុកកំណើតជាមួយគ្នា មានប្រពន្ធនៅឃុំអូរគគី ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ក្រោយកើតហេតុបានគេចខ្លួនបាត់ ។

តាមប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យត្រូវបានគេបញ្ឈប់ពីការងារសំណង់ ហើយនៅវេលាម៉ោង៧យប់ ថ្ងៃទី០៤ ខែកញ្ញា ក្រោយពីហូបបាយរួច កូនប្រុសរបស់ជនរងគ្រោះ ក៏បានថា មកពីពូធ្វើការងារមិនកើតឲ្យគេ ទើបគេបញ្ឈប់ពីការងារ ថាហើយ ធ្វើឲ្យជនសង្ស័យខឹង ច្រឡោតគម្រាមវាយទៅលើក្មួយប្រុស ក៏កើតទៅជាទំនាស់សម្តីក្នុងរង្វង់គ្រួសារ ត្រូវបានជនរងគ្រោះ ដេញកូនឲ្យចូលដេក កុំឲ្យតមាត់ជាមួយមនុស្សចាស់ ។

ប្រភពបន្តទៀតថា ក្រោយពី កូនប្រុសចូលសម្រាកបាត់ រឿងរ៉ាវទំនាស់សម្តីមិនទាន់ចប់ទេ ផ្ទុះឡើងបន្តទៀត រវាងជនរងគ្រោះ ជាបងថ្លៃ ជាមួយជនសង្ស័យ ជាប្អូនថ្លៃ ឈានទៅដល់ ប្អូនថ្លៃ ប្រដាប់ដោយ ដែកបន្ទះ ជ្រុង វាយសំពងក្បាល បងថ្លៃបណ្តាលឲ្យបែកហូរឈាម របួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្សី ចំណែកជនសង្ស័យ ក្រោយកើតហេតុ បានគេចខ្លួនបាត់ ។

ជនរងគ្រោះ ក្រោយពីបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ អស់រយះពេល៤ថ្ងៃ នៅវេលាម៉ោង១១យប់ថ្ងៃទី០៧ ខែកញ្ញា បានដាច់ខ្យល់ស្លាប់ ទើបដឹកបញ្ជូន មកតំកល់ទុកនៅសាលាបុណ្យ ក្នុងភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ហើយនៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះ សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យកោសល្យវិច័យ ស្លាកស្នាម ដើម្បីកសាងសំណុំរឿង ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ផ្អែកទៅលើបណ្តឹងរបស់ ក្រុមគ្រួសារជនរងគ្រោះ ៕ សុខាសែនជ័យ

 

image1 image2


ចែករំលែក៖