ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ នគរបាលសេដ្ឋកិច្ចខេត្តពោធិ៍សាត់កំពុងអុកឡុកបឹងទន្លេសាប

ចែករំលែក៖

ប្រភពពីប្រជានេសាទក្នុងខេត្តពោធិ៍សាត់បានឲ្យដឹងថា ក្រុមមន្ត្រីនគរបាលខេត្តពោធិ៍សាត់ដឹកនាំដោយលោក មាស ប៊ុនធឿន បាននិងកំពុងអុកឡុកយ៉ាងខ្លាំងនៅលើបឹងទន្លេសាប តាមរយៈការដាក់កម្លាំងយកលុយពីប្រជានេសាទ ។ ប្រជានេសាទនិយាយថា ក្រុមលោកមាស ប៊ុនធឿន ហៅ មែល បានកំពុងដើរជំរិតយកលុយពីប្រជានេសាទជារៀងរាល់ថ្ងៃ ។ យ៉ាងហោចណាស់ ក្នុងឡុកមួយខ្សែ ត្រូវបង់លុយឲ្យលោក មែល ១លានរៀល ។

ប្រភពបានខ្សឹបថា ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងដល់ខេត្តបាត់ដំបង មានប្រជានេសាទជាច្រើន ដែលរស់នៅតាមផ្ទះបណ្តែកទឹក ហើយប្រកបរបរនេសាទជាលក្ខណៈគ្រួសារ ។ ប្រជាពលរដ្ឋទាំងនោះចៀសមិនផុតពីប្រើឧបករណ៍នេសាទ ខ្លះ ប៉ុន្តែមិនមែនលក្ខណៈធ្ងន់ទេ ។ អ្វីដែលសំខាន់នោះ គឺក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រុងពោធិ៍សាត់ ដឹកនាំដោយលោកស័ក្តិ៤ មាស ប៊ុនធឿន កំពុងដើរជំរិតទារប្រាក់ពីប្រជាពលរដ្ឋក្នុង១ឡុកតម្លៃ១លានរៀល ។ នៅក្នុងខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ឬរាប់ពាន់ឡុក ដូច្នេះលោក មែល អាចប្រមូលលុយបានរាប់ពាន់លានរៀល ។

ប្រជានេសាទនៅស្រុកបាកាន បានឲ្យដឹងថា អ្នកភូមិរស់នៅលើផ្ទះបណ្តែតទឹក ក្នុងភូមិដីរនាត ឃុំព្រែកក្រ ត្រូវបង់លុយឲ្យលោក មែល ក្នុងឡុក១ តម្លៃ១លានរៀល ។ ផ្ទះខ្លះមាន៧ឬ៨ឡុក ។ នៅឯតំបន់ផ្សេងទៀត នៃបឹងទន្លេសាបក៏មានឡុកច្រើនណាស់ដែរ ។ ក្រៅពីបទល្មើសឡុក ក៏ក្រុមលោក មាស ប៊ុនធឿន ប្រមូលយកប្រាក់បានមិនតិចនោះទេ ។ អ្នកភូមិនិយាយថា លោកមាស ប៊ុនធឿន បានប្រាប់ពួកគាត់ថា លុយដែលយកទៅនោះ មិនមែនគាត់យកទៅធ្វើមានបានម្នាក់ឯងទេ គឺចែកមេៗថ្នាក់លើនោះទៀត ៕

2

1


ចែករំលែក៖