ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលឡោមព័ទ្ធចាប់ខ្លួនបក្ខពួកចោរកាច់កម៉ូតូបានម្នាក់ (មានវីដេអូ)

ចែករំលែក៖

កណ្ដាល់ៈ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុក ឡោមព័ទ្ធចាប់ខ្លួនបក្ខពួកចោរកាច់.កម៉ូតូបានម្នាក់ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងព្រៃរបោះ នៅលើទួលអង្គ ស្ថិតក្នុងភូមិកណ្ដាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្ដកណ្ដាល បន្ទាប់ពីជនសង្ស័យរូបនេះដឹកបក្ខពួគម្នាក់ទៀត ទៅធ្វើសកម្មភាពលួចកាច់កម៉ូតូប្រជាពលរដ្ឋនៅភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល បានរយៈពេលប្រមាណ៣០នាទី ។

ក្នុងប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FL-0487 (មធ្យោបាយជិះធ្វើសកម្មភាព) និងកូនសោរសម្រាប់កាច់.កម៉ូតូចំនួនមួយ ។ ដោយឡែកម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ត្រូវបានបក្ខពួកម្នាក់ទៀតជិះគេចខ្លួនបាត់ស្រមោល ។

លោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ ជួប សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិអណ្ដូងកៀន ឃុំព្រះបាទជាន់ជុំ ស្រុកអង្គគិរីវង្ស ខេត្ដតាកែវ ។ចំណែកឯបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួននោះឈ្មោះ ភក្ដ្រ ភេទប្រុស អាយុប្រមាណ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ យ៉ុន យុយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1DO-0457 លេខតួនិងលេខម៉ាស៊ីន 9453847 ។

លោកអធិការបានបន្ដថា នៅមុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូអូសរ៉ឺម៉កដឹកម៉ាស៊ីនទៅបូមទឹកដាក់ស្រែនៅខាងត្បូងភូមិអង្គសំណាង ។ ពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូចោលនៅលើផ្លូវលំដោយបានចាក់សោរកត្រឹមត្រូវ ទើបដើរទៅរាយទុយោបូបទឹកចូលស្រែដែលមានចម្ងាយប្រមាណ៧០ម៉ែត្រពីម៉ូតូ ខណៈកំពុងរាយទុយោស្រាប់តែឃើញជនសង្ស័យម្នាក់បញ្ឆេះម៉ូតូរបស់ខ្លួនជិះចេញទៅផ្លូវជាតិ ។ ភ្លាមៗនោះជនរងគ្រោះជាម្ចាស់ម៉ូតូបានស្រែកឆោឡោឡើងដឹងដល់ប្រជាពលរដ្ឋក្បែនោះនាំគ្នាជិះម៉ូតូតាមជនសង្ស័យនិងបានទំនាក់ទំនងសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្ដរាគមន៍ ។

លោក មាន សំណាង បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីក្រុមចោរកាច់.ក ម៉ូតូរបស់ប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងចេញអន្ដរាគមន៍ រហូតឈានដល់ឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យបានម្នាក់ រួមជាមួយវត្ថុតាង និងមធ្យោបាយជិះធ្វើសកម្មភាព ។ ដោយឡែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានបក្ខពួកម្នាក់ទៀតជិះគេចខ្លួនឆ្ពោះទៅរាជធានីភ្នំពេញបាត់ស្រមោល។ ចំពោះជនសង្ស័យដែលត្រូវបានចាប់ខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាលចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1170014589687644/” width=”600″ height=”400″ onlyvideo=”1″]
ចែករំលែក៖