ខេត្តប៉ៃលិន ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់ជាប់ពាក់ព័ន្ធ
នឹងការជួញដូរថ្នាំញៀនបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់កាលពីវេលាម៉ោង៣និង៣៥នាទី រសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបន្ទប់លេខ១២២ ផ្ទះសំណាក់យីហោ LSC ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ជនសង្ស័យ៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានទី១.ឈ្មោះ វ៉ាត សុផល ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ រស់នៅ ភូមិផ្សារថៃ, ទី២.ឈ្មោះ ជា ងួនហាក់ ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារព្រំ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន, ទី៣.ឈ្មោះ រិន ឌី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ផ្សារថៃ និងទី៤.ឈ្មោះ ដុក វិយ៉ាដា ភេទ ស្រី អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិ ផ្សារព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីដដែលបានបញ្ជាក់ថា ជាមួយការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទ ម្សៅក្រាមពណ៌សហៅម៉ាទឹកកកចំនួន៥កញ្ចប់តូច, ដាវសាមូរ៉ៃ១ និងសម្ភារសម្រាប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕ ស សារ៉េត