ភ្នំពេញ ៖ បុរសម្នាក់ជាអនុសេនីយ៍ទោ នៅអគ្គស្នងការនគរបាលជាតិ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ ដោយសាររថយន្តកុងតឺន័រមួយគ្រឿងបើកបញ្ច្រាសទិសគ្នា ហើយបុកចំពីមុខពេញទំហឹង ។
ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
បុរសរងគ្រោះខាងលើមានឈ្មោះសាន់ សុភារិទ្ឋិ ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាមន្ត្រី អនុសេនីយ៍ទោ នៅអគ្គស្នងការនគរបាលជាតិ ជិះម៉ូតូម៉ាកសីុរុះ ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខភ្នំពេញ1Z.7449 រីឯរថយន្តបង្កប្រភេទកុងទីន័រ មានដឹកទូពីក្រោយពណ៌ក្រហម ពាក់ស្លាកលេខ 3C.0612 ហើយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណទេ ក្រោយពីបង្កហេតុរួចបានចុះគេចខ្លួនបាត់ស្រមោលសូន្យ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរថយន្តបង្កហេតុខាងលើបានបើកបញ្ច្រាស់ទិស ក្នុងល្បឿនលឿនហើយវ៉ារថយន្តមួយគ្រឿងទៀតដែលនៅពីមុខ តែពេលដែរវ៉ាមិនទាន់ផុតផងនោះ ក៏ជ្រុលទៅបុកបុរសរងគ្រោះដែលជិះម៉ូតូចំពីមុខពេញទំហឹង បណ្ដាលបុរសរងគ្រោះនោះបោកក្បាលជាមួយនិងរថយន្តរងរបួសយ៉ាងធ្ងន់ធ្ងន់ រីឯអ្នកបើកបររថយន្តបង្កហេតុនោះ ក្រោយពីបង្ករួចហើយ ក៏បានចុះគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនភ្លាមៗ ដោយឡែករថយន្តកុងទីន័រនិងម៉ូតូដែលរងការខូចខាតនោះ ត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់៕ ជីម ភារ៉ា ដង្កោ