ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកយុទ្ធនាការចុះចែកនិងបិទស្លាកសុវត្ថិភាពចរាចរណ៏ឬស្ទីកគ័រចំណាំងផ្លាតលើយានជំនិះដែលកំពុងធ្វើចរាចរក្នុងរាជធានីភ្នំពេញមានរយៈពេល១០ថ្ងៃមកហើយ ដើម្បីអនុវត្តន៍តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ឲ្យលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ដោយយានយន្តបានជាអតិបរិមា ។
ចាក់ស្តែងនាព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៦នៅសាលាបឋមសិក្សាជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដឹកនាំមន្រី្តមួយចំនួនចុះទៅចែកនិងបិទស្ទីកគ័រចំណាំងផ្លាតលើ កង់ និងម៉ូតូសិស្សសាលានេះរាប់រយគ្រឿង ។
លោកសាំ ពិសិដ្ឋ មានព្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះចែកជូន និងបិទស្លាកចំណាំងផ្លាតសុវត្ថិភាពចរាចរដល់ប្រជាពលរដ្ឋ ការផ្តល់ជូននេះ ផ្តោតសំខាន់ទៅលើរ៉ឺម៉កម៉ូតូ,ម៉ូតូកង់៣,ស៊ីក្លូ,រទេះរុញ,កង់ និងយានជំនិះដទៃទៀតដែលមិន បានឆ្លងកាត់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឈៀក) ជាដើម ។
លោកបន្តថា ការចុះចែកឬចុះបិទផ្ទាល់នេះធ្វើឡើងតាមគោលដៅ ច្រកចេញចូលរាជធានីភ្នំពេញ,តាមផ្សារ,សាលារៀន,ចំណតរថយន្ត និងទីប្រជុំជន និងបានបែងចែកស្លាកចំណាំងផ្លាតនេះទៅតាមខណ្ឌ,និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយធ្វើយ៉ាងណាត្រូវតែចុះបិទ និងបែងចែកស្លាកទាំង៥០ម៉ឺនសន្លឹកនេះឲ្យអស់ក្នុងសប្តាហ៏នេះតែម្តង ។ កិច្ចការនេះ ជាការចូលរួមចំណែកក្នុងការស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមអ្នកប្រើប្រាស់យានយន្ត នៅពេលយប់ ហើយការគោរពច្បាប់ចរាចរណ៍ត្រូវតែចាប់ផ្តើមពីប្រជាពលរដ្ឋម្នាក់ៗ ជាពិសេសត្រូវចាប់ផ្តើមពីប្អូនៗ ក្មួយៗ សិស្សានុសិស្សពីថ្នាក់បឋមសិក្សាឡើងទៅព្រោះគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងក្លាយជាឃាតករទី១ក្នុងពេលបច្ចុប្បន្ននៅកម្ពុជា បន្ទាប់ពីគ្រាប់មីន និងជំងឺអេដស៏។
សូមបញ្ជាក់ថា ការចាប់ផ្តើមបើកយុទ្ធនាការផ្តល់ និងបិទស្លាកចំណាំងផ្លាតសុវត្ថិភាពចរាចរណ៍មានចំនួន៣លាន ៤សែនសន្លឹកជូនប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈក្រសួង ស្ថាប័ន,អាជ្ញាធរដែនដីយកទៅបិទ និងចែកចាយជូនប្រជាពលរដ្ឋគ្រប់ខេត្ត.ក្រុង ចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៦ មកម៉្លេះតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងត្រូវចាំជានិច្ចថា បើស្រវឹងកុំបើកបរ ឬអនុវត្តពាក្យស្លោកថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាដើម ៕ ប្រាថ្នា