ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ បានបណ្ដេញជនជាតិវៀតណាម៧នាក់ចេញពីកម្ពុជា តាមច្រកទ្វារអន្ដរជាតិត្រពាំងថ្លុង បន្ទាប់ពីជនជាតិវៀតណាមទាំង៧នាក់ ចូលមកកម្ពុជាជិះម៉ូតូពាក់ស្លាកលេខរបស់វៀតណាមដើរលក់ស្បែកជើងខុសច្បាប់នៅកម្ពុជា។
លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានមានប្រសាសន៍ថា ជនជាតិវៀតណាមទាំង៧នាក់នេះ បានឆ្លងដែនមករកស៊ីនៅកម្ពុជាខុសច្បាប់ដោយជិះម៉ូតូ ដើរលក់ស្បែកជើង នៅខេត្តកំពង់ស្ពឺ ហើយដោយឃើញដូច្នេះ កម្លាំងជំនាញបានឃាត់ខ្លួនសួរនាំរកឯកសារស្របច្បាប់នៅជាប់នឹងខ្លួនពុំមានបង្ហាញសមត្ថកិច្ចក៏អនុវត្តតាមនិតិវិធីបណ្ដេញចេញពីកម្ពុជាតែម្ដងទៅ នៅតាមច្រកទ្វារអន្តរជាតិត្រពាំងថ្លុង ខេត្តកំពង់ចាម។
ទាក់ទិននឹងការបណ្តេញជនអន្តោប្រវេសន៍ចេញពីកម្ពុជានេះ លោកប្រធាននាយកដ្ឋានរូបនេះបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិបរទេស ខុសច្បាប់ ទៅកាន់ប្រទេសដើមខ្លួនវិញ ចំនួន ២,៧៨៤នាក់ហើយ ក្នុងនោះមានស្រីមានចំនួន ៥៥៦នាក់ ស្មើនឹង ៥៦ សញ្ជាតិ។ ដោយឡែក បើគិតចំនួនរយៈពេល៣ឆ្នាំវិញ បន្ទាប់ពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍មកដល់ពេលនេះ គឺសមត្ថកិច្ចរបស់លោកបានបណ្តេញ ជនជាតិបរទេស ចំនួន ១១ ០៦៩នាក់ ក្នុងនោះមានស្រីចំនួន ១ ៥៥៦នាក់ ស្មើនឹង ៦៨សញ្ជាតិ ៕ ប្រាថ្នា