ភ្នំពេញ : ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរ ឆ្លងកាត់ ផ្លូវលេខ៦៣ (ផ្លូវត្រសក់ផ្អែម) ជាប់របងវិទ្យាល័យជាស៊ីម បឹងកេងកង បានការរិះគន់ចំពោះអាជ្ញាធរខណ្ឌចំការមនចំៗថា មិនបានពិនិត្យ បញ្ហាសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ នៅតាមចិញ្ចើមផ្លូវ ដើម្បីផលប្រយោជន៍ខ្លួនឯង មិនគិតពីសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុងឡើយ ដោយសារតែផ្លូវនេះ ក្លាយទៅជាកន្លែងតាំងលក់ខោអាវ ចតរថយន្ត និងម៉ូតូរ៉ឺម៉ក់កងបីហើយ។
បើយើងធ្វើដំណើរតាមផ្លូវលេខ៦៣ (ផ្លូវត្រសក់ផ្អែម) ជាប់របងវិទ្យាល័យជាស៊ីម បឹងកេងកង ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន យើងនឹងបានឃើញការដាក់តាំងខោអាវ និងមានរថយន្ត និងម៉ូតូរ៉ឺម៉កកង់បីចតយ៉ាអណាធិបតេយ្យនៅលើ ចិញ្ចើមផ្លូវជាប់របងវិទ្យាល័យជាស៊ីម បឹងកេងកងតែម្តង។
សកម្មភាពទាំងនេះ ធ្វើអោយប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំ ចំពោះម្ចាស់អាជីវកម្ម ដែលបានយកចិញ្ចើមផ្លូវ និងចំណីផ្លូវ ធ្វើជាកម្មសិទ្ធិនេះ ដែលធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសំរាប់ពួកគាត់ គឺពួគាត់ផ្លូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តង ដែលវាងាយបង្កគ្រោះថ្នាក់ជាយហេតុសំរាប់ពួកគាត់ ហើយម៉្យាងវិញទៀតវាបង្កអោយមានការកកស្ទះចរាចរផងដែរ។ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋបានចោទទៅលើអាជ្ញាធរខណ្ឌចំការមន ថា សង្ស័យបានផលប្រយោជន៍ផ្ទាល់ខ្លួនហើយទៅបានជាផ្លូវមួយនេះមានការដាក់តាំងលក់ខោអាវ និងមានរថយន្ត និងម៉ូតូរ៉ឺម៉ក់កង់បីចតពេញរបងវិទ្យាល័យជាស៊ីម បឹងកេងកង យ៉ាងដូច្នេះទៅវិញ។
ប្រជាពលរដ្ឋក៏បានលើកឡើងថាអាជ្ញាធរក្រុង រួមទាំងស្ថាប័ណ្ណពាក់ព័ន្ធ គួរមានវិធានការចំពោះអ្នកដែលបានយកចិញ្ចើមផ្លូវមកធ្វើអាជីវកម្មបែបនេះ ដោយមិនបានយកចិត្ដទុក ដាក់ការថែរក្សាសោភ័ណ្ឌភាព និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធ នៅតាមដងផ្លូវឱ្យបានល្អ ។ នេះក៏ជាទង្វើមួយដ៏អាក្រក់ របស់ អាជីវករលក់ម៉ូតូនៅតាមផ្ទះដែរ ហេតុដូច្នេះហើយ ពួកគាត់សូមឱ្យ អាជ្ញាធរខណ្ឌ និងក្រុងជួយ ដើរមើលផងទាន កុំទុកអោយនៅបែបនេះទៀតអី វាធ្វើអោយប៉ះពាល់ខ្លាំងណាស់ ដូច្នេះអាជ្ញាធរសមត្ថកិច្ច គួរតែរៀបចំសណ្តាប់ធ្នាប់ ទុកចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើរជើងដើរផង៕ ជ្រោយពេជ្រ