ខេត្តពោធិ៍សាត់៖ លោក ឌី សុខេង អនុប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនពោធិ៍សាត់ ដឹកនាំមន្រ្តីក្រោមឱវាទ ចុះសហការជាមួយកម្លាំងនគរបាលសណ្ដាប់ធ្នាប់ស្រុកក្រគរ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្នាអន្សា កម្លាំងក្រុមប្រឹក្សាឃុំ ចុះបិទចំណាំងផ្លាត (ស្ទីកគ័រ) គោយន្តកន្ត្រៃជូនប្រជាពលរដ្ឋ នៅស្រុកក្រគរ ។
លោកវេរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ប្រតិបត្តិការនេះ បានអនុវត្តឡើងពេញមួយថ្ងៃគឺថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក អធិការបន្តថាក្នុងកិច្ចប្រតិបត្តិការបិទចំណាំងផ្លាតពេលយប់(ស្ទីកគ័រ) ជូនបងប្អូនប្រជាពលរដ្ឋដែលមានគោយន្តកន្ត្រៃខាងលើនេះ កម្លាំងបានសម្រេចកិច្ចការងារជូនពួកគាត់បានលទ្ធផលចំនួន១០៤គ្រឿង ស្មើនឹងប្រជាពលរដ្ឋចូលរួមចំនួន១០៤នាក់ដែរ ។
លោក វេរសេនីយ៍ត្រីបន្តទៀតថា ក្នុងកិច្ចប្រតិបត្តការខាងលើនេះដែរ កម្លាំងមន្រ្តីជំនាញបានណែរនាំដល់ពួកគាត់ ឲ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ ដែលបានកើតឡើងដោយយថាហេតុ ខណៈសព្វថ្ងៃប្រជាពលរដ្ឋកំពុងប្រឈមយ៉ាងខ្ពស់នឹងករណីនេះ ៕ ប៉ឹម ពិន