ព័ត៌មានទាន់ហេតុការណ៍៖

កន្លែងលក់ម៉ូតូនៅទីប្រជុំជនអ្នកលឿងត្រើយខាងកើតសុទ្ធតែម៉ូតូអត់ពន្ធ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ម៉ូតូអត់ពន្ធជាច្រើនគ្រឿងកំពុងតែដាក់តាំងលក់នៅលើទីផ្សារតាមហាងពេញផ្សារអ្នកលឿង ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ខណៈដែលពុំមានការទប់ស្តាត់ពីមន្ត្រីជំនាញសាខាគយ និង រដ្ឋាករខេត្តព្រៃវែងឡើយដែលជាហេតុធ្វើឲ្យខាត ចំណូលជាតិ ។

ប្រភពពីប្រជាពលរដ្ឋដែលរកស៊ីគួកជេម៉ូតូ និងអ្នករត់ម៉ូតូឌុប នៅផ្សារអ្នកលឿង ត្រើយខាងកើតនោះបានប្រាប់ឲ្យដឹងថា នៅតាមហាងលក់ម៉ូតូប្រមាណជិត២០ កន្លែង ស្ថិតក្នុងស្រុកពាមរក៍ នៃខេត្តព្រៃវែង គឺគេឃើញមានលក់ម៉ូតូអត់ពន្ធស្ទើរគ្រប់ហាងភាគច្រើន គឺប្រភេទម៉ូតូម៉ាកស៊ីរូស វ៉េវ និងម៉ាកផ្សេងៗទៀត ។

ប្រភពដដែល បន្តថា ម៉ូតូអត់ពន្ធទាំងនោះគេជិះចេញពីប្រទេសវៀតណាមតាមច្រករបៀងផ្សេងៗ ក្នុងខេត្តស្វាយរៀងចូលតាមខេត្តកំពង់ចាមយកមកលក់នៅក្នុងផ្សារអ្នកលឿងនេះ ហើយម្ចាស់ហាងលក់ម៉ូតូមួយចំនួនបាន ជួលឲ្យគេជិះយកមកឲ្យខ្លួនដោយឲ្យថ្លៃ ឈ្នួលក្នុងម៉ូតូ១គ្រឿង២៥ដុល្លារដោយគ្មានសមត្ថកិច្ចណារករឿងឬសួរនាំនោះទេ ។

ប្រភពមួយទៀតបានបង្ហើបថា ហាងខ្លះ មានទទួលទិញម៉ូតូ ដែលគេលួចពីកន្លែងផ្សេងៗយកមកលក់ឲ្យក្នុងតម្លៃថោកៗ ស្ងាត់ៗ តែហាងលក់ឲ្យអ្នកប្រើប្រាស់វិញ តម្លៃគួរសម ដោយម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៥ ឬ២០១៦ គឺតម្លៃពី៦០០ ទៅ៧០០ដុល្លារក្នុង១គ្រឿង ។

លោក កាង លាង ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែងបានឲ្យដឹងថា អត់ មានអីមកសម្ភាសន៍ខ្ញុំបាទទេមានអីមកជួបផ្ទាល់រឿងម៉ូតូគេចពន្ធគេចអីខ្ញុំមិនដឹងទេ ឯការពន្យារបង់ពន្ធផុតត្រឹមថ្ងៃទី៣០ ។

ករណីនេះត្រូវបានគេសង្ស័យថា អាចមានការបើកភ្លើងខៀវពីមន្ត្រីជំនាញហើយ បានជាម៉ូតូគេចពន្ធ ចូលមកដល់អ្នកលឿង ដាក់លក់ និងឲ្យប្រើប្រាស់បានដោយរលូនបែបនេះ ៕ ហេង នរិន្ទ្រ

09_14_2016_10_41_5214303666_936553386467458_1467328845_o-png


ចែករំលែក៖