ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកត្រៀមលក្ខណៈលុបទណ្ឌកម្មសេដ្ឋកិច្ចមីយ៉ាន់ម៉ា

ចែករំលែក៖

លោកស្រីអ៊ុងសាន ស៊ូជី កាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦ បានស្នើសុំអាមេរិកបញ្ឈប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរបស់លោកស្រី ហើយលោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក នៅក្នុងអំឡុងពេលជួបជាលើកដំបូងនៅសេតវិមាន ជាមួយលោកស្រី ចាប់តាំងពីក្លាយជាមេដឹកនាំមកនោះ បានថ្លែងដែរថា អាមេរិកបាននិងកំពុងត្រៀមលក្ខណៈនៅក្នុងការលុបចោលទណ្ឌកម្មសេដ្ឋកិច្ចនេះផងដែរ ។

លោកអូបាម៉ាបានថ្លែងនៅក្នុងវិមាន Oval ទៅកាន់លោកស្រីស៊ូជី ថា ជារឿងត្រឹមត្រូវដែលត្រូវធ្វើដើម្បីធានាថា ពលរដ្ឋភូមាបានស្គាល់អំពីពន្លឺថ្មីមួយនៅក្នុងវិថីធ្វើពាណិជ្ជកម្ម ក៏ដូចជាស្គាល់ពីរដ្ឋាភិបាលថ្មីមួយ ។

លោកអូបាម៉ា បាននិងកំពុងពិនិត្យមើលទៅលើការធ្វើឲ្យប្រក្រតីភាពឡើងវិញ នៅក្នុងទំនាក់ទំនងអាមេរិក-មីយ៉ាន់ម៉ា ក្រោយរបបគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ារសាត់ទៅបាត់បន្តិចម្តង ។ ទីក្រុងវ៉ាស៊ីនតោនកំពុងថ្លឹងថ្លែងលុបចោលទណ្ឌកម្មប្រឆាំងមីយ៉ាន់ម៉ាបន្ថែមទៀត ។

កាលពីមួយឆ្នាំកន្លងមកនេះ អាមេរិកបានលើកលែងទណ្ឌកម្មខ្លះហើយដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា បន្ទាប់ពីមានការគាំទ្រដល់ដំណើរការកែទម្រង់នយោបាយ ។ ប៉ុន្តែទោះបីយ៉ាងណា អាមេរិកនៅពិនិត្យបន្ថែមទៀតលើបញ្ហាសិទ្ធិមនុស្ស ដែលមានការលើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនេះមិនទាន់ល្អប្រសើរនៅឡើយ ។

លោកស្រីស៊ូជី បានទទួលរងការរិះគន់ថា មិនបានខ្នះខ្នែងនៅក្នុងការទប់ស្កាត់ការជិះជាន់រំលោភសិទ្ធិមនុស្សប្រឆាំងក្រុមជនជាតិដើមភាគតិចរ៉ូហ៊ីនយ៉ា ដែលជាក់ស្តែង ក្នុងចំណោមពួកគេទាំងនោះ ១២៥.០០០នាក់បាននិងកំពុងរស់នៅក្នុងជំរុំបណ្តោះអាសន្ន ចាប់តាំងពីកើតមានអំពើហិង្សាក្នុងឆ្នាំ២០១២មកម្ល៉េះ ៕ ថាច់ យ៉ាត

 

1420667


ចែករំលែក៖