នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នេះ ខ្យល់ព្យុះកម្លាំងខ្លាំង ដែលឲ្យឈ្មោះថា Meranti នោះ បាននិងកំពុងធ្វើដំណើរយ៉ាងឆាប់រហ័សឆ្ពោះទៅកាន់ភាគអាគ្នេយ៍ ខេត្ត Zhejiang ប្រទេសចិន ។ ឥទ្ធិពលរបស់ខ្យល់ព្យុះនេះបានធ្វើឲ្យមានជំនន់ទឹកភ្លៀង ខ្យល់បក់ខ្លាំង ដាច់ចរន្តអគ្គិសនី និងជាខ្យល់ព្យុះដែលមានកម្លាំងខ្លាំងបំផុតប្រចាំឆ្នាំក្នុងពិភពលោក ។ ប៉ុន្តែទោះបីយ៉ាងណា នៅមិនទាន់មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ ។
មុនពេលមកដល់ទីក្រុង Xiamen ប្រទេសចិន ខ្យល់ព្យុះ Meranti បានវាយប្រហារនៅភាគខាងត្បូងតៃវ៉ាន់ ធ្វើឲ្យតំបន់ទាំងមូលនៅទីនោះរងផលប៉ះពាល់យ៉ាងខ្លាំង ។ ដើមឈើបាក់រៀបដល់ដី ខ្លះទៀតបាក់រលំលើរថយន្ត ហើយទឹកជំនន់បានជនលិចតាមបណ្តាផ្លូវនានា ខណៈដែលក្រុមជួយសង្គ្រោះមមាញឹកយ៉ាងខ្លាំងក្នុងការប្រើប្រាស់ទូកដើម្បីជម្លៀសជនរងគ្រោះ ។
កាសែតស៊ីនហួបានផ្សាយថា ការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំបានកើតឡើង ស្ទើរតែនៅទូទាំង Xiamen តែម្តង ។ ការផ្ទត់ផ្គត់ទឹក ក៏ត្រូវកាត់ផ្តាច់ផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នេះជាខ្យល់ព្យុះដែលមានកម្លាំងខ្លាំងបំផុត មិនធ្លាប់កើតមាននៅក្នុងប្រទេសចិនតាំងពីឆ្នាំ១៩៤៩រៀងរហូតមក ហើយវាក៏ជាព្យុះដែលខ្លាំងបំផុតប្រចាំឆ្នាំនៅទូទាំងពិភពលោកផងដែរ ។
ជើងហោះហើររាប់សិបជើងត្រូវលុបចោល, សេវាដឹកជញ្ជូនតាមរថភ្លើងក៏ត្រូវផ្អាក បង្កផលប៉ះពាល់ដល់ការធ្វើដំណើរជាខ្លាំង ។ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសទៅរកទីសុវត្ថិភាពរួចហើយ រីឯក្រុមអ្នកនេសាទ ក៏ត្រូវអំពាវនាវឲ្យវិលត្រឡប់ចូលផែវិញផងដែរ ។
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះអាសន្នកណ្តាល ប្រកាសថា មនុស្សម្នាក់បានស្លាប់ និង៣៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រទេសតៃវ៉ាន់ ពេលដែលខ្យល់ព្យុះនេះវាយប្រហារភាគខាងត្បូងដែនដីនេះកាលពីថ្ងៃទី១៤ ខែកញ្ញា ។
ក្រុមឧតុនិយមចិនបញ្ជាក់ថា ព្យុះ Meranti បន្តចុះឥទ្ធិពលរបស់ខ្លួន ខណៈដែលវាធ្វើដំណើរទៅដល់រដ្ឋធានីពាណិជ្ជកម្មសៀងហៃ ។ ប៉ុន្តែទោះបីយ៉ាងណា វាបានបង្កឲ្យមានភ្លៀងធ្លាក់ច្រើន ៕ ថាច់ យ៉ាត