ភ្នំពេញ៖ នារីម្នាក់មានជម្លោះជាមួយប្ ដីដោយចោទថា ប្ដីមានស្រី សម្រេចចងកធ្វើអត្តឃាត សម្លាប់ខ្លួនក្នុងបន្ទប់ជួល ។ ហេតុការណ៍នេះ ធ្វើអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់ ឈ្មោះម៉ែន ម៉ារ៉ា ភេទស្រី អាយុ២៤ឆ្នាំ មានមុខរបធ្វើការរោងចក្រ មានស្រុកកំណើតនៅភូមិដំបូកកោះ ឃុំស្វាយជ្រុំ ស្រុកលលាប្អៀរ ខេត្តកំពុងឆ្នាំង ចំណែកប្ដីមានឈ្មោះ យ៉ែម ធារ៉ា អាយុ២៥ឆ្នាំ មានមុខរបធ្វើការរោងចក្រស្នាក់នៅផ្ទះជួលជាមួយគ្នា មានស្រុកកំណើតនៅភូមិព្រែកក្ដាម ស្រុកពញាឮ ខេត្តកណ្ដាល មានកូនស្រីអាយុ២ឆ្នាំម្នាក់ក្នុងបន្ទុក ។
បើតាមសម្ដីបុរសប្ដីបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់បានទំនាស់ពាក្យសំដីបន្តិចបន្ទួចជាមួយប្រពន្ធ ដោយប្រពន្ឋរបស់គាត់ចោទថា រូបគាត់មានស្រី ហើយគាត់ ក៍បានដើរចេញពីបន្ទប់ជួលទៅផឹកស្រាបាត់ទៅ ។ មួយសន្ទុះក្រោយមកគាត់បានត្រឡប់មកបន្ទប់ជួលវិញ បានដេកលង់លក់បាត់ ពេលដឹងខ្លួន ងើបឡើងរកប្រពន្ធ ក៏ឃើញប្រពន្ធរបស់ខ្លួនចងកស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុភ្លាមៗបានទាកទងហៅជំនាញមកធ្វើកោសល្យវិច័យនារីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន រួចបានប្រគល់សាកសពអោយសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕ ជីម ភារ៉ា ដង្កោ