ខេត្តកណ្តាល៖ មន្ត្រីយោធាសឹករងស្រុក កៀនស្វាយម្នាក់បានរងរបួសបែកមុខបន្ទាប់ពីទាស់សម្តីគ្នាក្នុងវង់ផឹកស៊ីហើយត្រូវជនដៃដល់វាយមួយកែវថ្មនៅត្រង់ចំណុចកន្លែងលក់សាច់ពិសេស ស្ថិតក្នុងភូមិគគីរ ស្រុក កៀនស្វាយ វេលាម៉ោង៨យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។
លោក វ៉េង កុសល នាយប៉ុស្តិ៍ឃុំគគីរ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញឹក ភា អាយុ៤៧ឆ្នាំ មុខរបរជាមន្ត្រីយោធាសឹករងស្រុកកៀនស្វាយមានទីលំនៅ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ។ ចំណែកជនបង្កមានឈ្មោះ ហ៊ាង បូរី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ។
លោកនាយប៉ុស្តិ៍បន្តថាមុនកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានផឹកស្រាបៀរក្លែម(សាច់ឆ្កែ)នៅតុផ្សេងគ្នាលុះពេលស្រវឹងរៀងខ្លួនជនបង្កបានមើលមុខជនរងគ្រោះចុះឡើងៗ។នៅពេលនោះជនរងគ្រោះ បានសួរទៅជនសង្ស័យថា(អាអូនមើលមុខបងអ៊ីចឹងក្នុងនាមអ្វី? ថាមិនទាន់ផុតពីមាត់ផងស្រាប់តែជនបង្កស្ទុះយកកែវស្រាវាយចំមុខជនរងគ្រោះបែកមុខតែម្តង។
ក្រោយកើតហេតុជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចំណែកជនរងគ្រោះត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ហេង នរិន្ទ្រ