ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានបញ្ជូនសារចុះហត្ថលេខាលើអនុស្សរណទទួលសម្ភារពីក្រសួងការពារប្រទេសចិន

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្ដីការក្រសួងការពារជាតិកាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៦ បានប្រារព្ធពិធីចុះហត្ថលេខាទទួល ជំនួយសម្ភារវិទ្យុទាក់ទងពីក្រសួងការពារប្រទេសចិន និងចុះហត្ថលេខាលើអនុស្ស រណៈយោគយល់ជាមួយក្រុមហ៊ុន South East Asia Telecom (Cambodia) Co., Ltd. (SEATEL) ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិព្រមទាំងមានការចូលរួមពីនាយទាហានមកពីស្ថាប័នកងឯកភាពចំណុះក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

លោកនាយឧត្តមសេនីយ៍រដ្ឋលេខាធិការក្រសួងការពារជាតិបានថ្លែងអំណរ
គុណចំពោះក្រសួងការពារប្រទេសចិនដែលតែងតែបានផ្ដល់ជំនួយសម្ភារជាច្រើនដល់ក្រសួងការពារជាតិ ហើយថ្ងៃនេះបានផ្ដល់សម្ភារបញ្ជូនសារដល់ ខ.ភ.ម ដោយលោកបានចាត់ទុកជំនួយដ៏មានសារសំខាន់នេះក្នុងបុព្វហេតុបំពេញភារកិច្ចការពារមាតុភូមិ ។

លោកវរសេនីយ៍ឯក លី នីងយ៉ា អនុព័ន្ធយោធាចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នេះជាជំនួយសម្ភារបញ្ជូនសារដែលក្រសួងការពារប្រទេសចិនផ្ដល់ជូនក្រសួងការពារជាតិកម្ពុជាហើយជំនួយនេះមិនមែនតែប៉ុណ្ណឹងទេ នៅមានផ្ដល់ជូនបន្ថែមលើកក្រោយៗទៀត។ ទាំងនេះអនុវត្តន៍តាមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២ កងទ័ពទាំង២ លើទំនាក់
ទំនងកិច្ចសហប្រតិបត្តិការមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងនោះរួមមានទាំងវិស័យការពារជាតិផងដែរ។

លោកឧត្តមសេនីយ៍ឯក ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋាន សម្ភារបច្ចេកទេសក្រសួងការពារជាតិនិងជានាយកនាយកដ្ឋានបញ្ជូនសារបានចុះហត្ថលេខាជាមួយលោកវរសេនីយ៍ឯក លី នីងយ៉ា
ដើម្បីទទួលយកសម្ភារបញ្ជូនសារដែលក្រសួងការពារប្រទេសចិនផ្ដល់ឲ្យក្រសួងការពារជាតិកម្ពុជា សរុប៣លើកមានចំនួន ១.៤៧៧គីឡូក្រាម។

ក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍ ជៀង អំ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុន South East Asia Telecom (Cambodia) Co., Ltd. (SEATEL) ជាមួយលោកឧត្តមសេនីយ៍ ឯក ផន ណារ៉ា នាយកនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិផងដែរ៕ សុខដុម

aes-1 aes


ចែករំលែក៖