ខេត្តក្រចេះ៖ អធិការរងនគរបាលស្រុកសំបូរ លោក ណយ ស៊ីថាច ទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌ បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកញ្ញាថា ពេលនេះតំណាងអយ្យការ បានបញ្ជាឱ្យមន្ត្រីនគរបាលស្រុក ចុះទៅស៊ើបអង្កេតករណីបាញ់បោះសេរីប្រហែល៣០គ្រាប់ ពី ឈ្មោះ ទេព សុធា បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅតំបន់នោះ ។
ក្រោយពីមានករណីបាញ់បោះសេរីបង្កឱ្យមានការភ្ញាក់ផ្អើលរួចមក គឺមានពលរដ្ឋរស់នៅក្នុងភូមិត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ប្រហែល១រយគ្រួសារបាននាំគ្នាផ្តិតមេដៃប្តឹង ហើយពួកគាត់បានចាត់ទុកថា ជាចេតនាប៉ុនប៉ងសម្លាប់ នឹងបំបាក់ស្មារតី គំរាមគំហែង បង្កឱ្យមានភាពអសន្តិសុខក្នុងមូលដ្ឋាន ។
អធិការរងនគរបាលស្រុកសំបូរលោកណយ ស៊ីថាច ទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌ បានឱ្យដឹងថា ករណីផ្ទុះអាវុធជាច្រើនគ្រាប់ដែលបង្កឡើង ពីឈ្មោះ ទេព សុធា គឺបានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែកញ្ញា នៅក្នុងភូមិត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ។ លោកថា ក្រោយពីមានករណីនេះកើតឡើង លោកបានរាយការណ៍មកថ្នាក់លើ ប៉ុន្តែថ្នាក់លើបានអះអាងថា រឿងនេះទុកឱ្យអាវុធហត្ថជាអ្នកធ្វើការទៅចុះ ។ លោកអធិការរងបានបញ្ជាក់ថា តែរហូតមកដល់ពេលនេះ គឺលោកព្រះរាជអាជ្ញារង ធុច បញ្ជសន្តិភាព បានឱ្យមន្ត្រីនគរបាលស្រុកត្រូវចុះស៊ើបអង្កេតករណីនេះឡើងវិញ ហើយត្រូវបញ្ចូនសំណុំរឿងមកថ្នាក់លើ ។
មេភូមិត្រូន លោក សុខ យឿន បានឱ្យដឹងថា នៅថ្ងៃកើតហេតុ លោក ទេព សុធា និងគូកនម្នាក់ទៀតឈ្មោះ នួន ដែលមានតួនាទីមកការពារក្រុមហ៊ុនចិន (សឹងយនគ័ង) រួមនឹងរូបលោក បានមកផឹកស៊ីជុំគ្នានៅក្នុងភូមិ ខណៈនោះគេបានគំរាមរូបលោកជាមេភូមិ ឱ្យដើរប្រមូលលុយពីអ្នកភូមិ ដែលធ្វើរណ្តៅរ៉ែមាសតូចតាចជាលក្ខណៈគ្រួសារ ក្នុង១រណ្តៅ១រយដុល្លារ យកមកប្រគល់ឱ្យរូបគេ ។
លោកមេភូមិបន្តថា ខណៈនោះលោកបានបដិសេដ្ឋ ហើយបានតបទៅវិញថា បើចង់ប្រមូលលុយពីពលរដ្ឋឱ្យដើរប្រមូលដោយខ្លួនឯងទៅ លោកមិនអាចធ្វើបានទេ ព្រោះអ្នកភូមិធ្វើរណ្តៅមាសនោះសឹងតែរកអង្ករច្រក់ឆ្នាំងមិនគ្រប់ផង ។ លោកថាមួយសន្ទុះក្រោយមក លោក ទេព សុធា ក៏ដើរទៅបាត់ហើយបានយកកាំភ្លើងអាកា បាញ់រះឡើងលើប្រហែល៣០គ្រាប់ និងបានយកកាំភ្លើងនោះទៅភ្ជង់ប្រជាពលរដ្ឋ៣នាក់ផ្សេងទៀត ដែលនៅក្បេរនោះ ចំណែកពលរដ្ឋដែលបានឃើញហេតុការនេះ បាននាំគ្នារត់ចែកជើងគ្នាចូលពួនក្នុងព្រៃ អ្នកខ្លះលោតចូលក្នងស្រះទឹក រកកន្លែងមានសុវត្ថិភាព ។
យ៉ាងណាក៏ដោយក្រោយពីមានករណីផ្ទុះអាវុធជាច្រើនគ្រាប់នេះរួចមក ពលរដ្ឋរស់នៅស្រុកសំបូរ បានទាមទារឱ្យថ្នាក់លើ ត្រូវចាត់វិធានការតាមផ្លូវច្បាប់លើជនបង្ក ដែលបានយកកាំភ្លើងបាញ់រះជាច្រើនគ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ហើយពួកគាត់បានចាត់ទុកថាអំពើបាញ់នេះជាចេតនាប៉ុនប៉ងសម្លាប់នឹងបំបាក់ស្មារតីគំរាមគំហែងបង្កឱ្យមានភាពអសន្តិសុខក្នុងមូលដ្ឋាន ៕ កោះទ្រុង