ព័ត៌មានទាន់ហេតុការណ៍៖

ចោរប្រើដាវសាមូរ៉ៃកាប់ជនរងគ្រោះប្លន់យកម៉ូតូដែលទើបតែទិញបានមួយថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនពីរនាក់ត្រូវក្រុមជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូពីរគ្រឿងប្រដាប់ដោយដាវសាំមូរ៉ៃមួយដើម ធ្វើសកម្មភាពយកដាវសាមូរ៉ៃកាប់ចំខ្នងមួយដាវប្លន់យកម៉ូតូស៊ុយហ្ស៊ុយគីនិកមួយគ្រឿងបានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព បន្ទាប់ពីម៉ូតូមួយគ្រឿងនេះទើបតែតិញបានមួយថ្ងៃ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវលេខ៣៧១ (ផ្លូវសឡា) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ា ឆាន់ ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិទួលក្រសាំង ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត និងម្នាក់ ទៀតឈ្មោះ ស្មាច់ រ៉ាន់ ភេទប្រុសអាយុ១៩ឆ្នាំ មានស្រុកកំណើតជាមួយគ្នា។

ជនរងគ្រោះបានឲ្យដឹងថា រូបគេទាំងពីរនាក់ទើបតែឡើងមកពីខេត្តកំពតមកភ្នំពេញទិញម៉ូតូនេះបានតែមួយថ្ងៃប៉ុណ្ណោះហើយក៏នៅផ្ទះបងប្អូនម្តុំបឹងសាឡាងរង់ចាំយកស្លាកលេខម៉ូតូ ព្រោះធ្វើមិនទាន់ហើយ ។ លុះបានស្លាកលេខហើយ ខ្លួនបានឌុបមិត្តម្នាក់ទៀតទៅផ្ទះ ហើយត្រឡប់មកវិញបំណងទៅផ្ទះបងនៅម្តុំបឹងសាឡាង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចទៅកើត។លុះពេលជិះជិតដល់ស្ថានីយ៍ប្រេងឥន្ធនៈតេលា កែងនឹងផ្លូវលេខ៣៧១(ផ្លូវសឡា) ក៏មានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូពីរគ្រឿងម៉ាកSLមួយគ្រឿងនិងម៉ាកស៊ុយហ្ស៊ុយគីនិក មួយគ្រឿងមិនចាំស្លាកលេខ បានជិះមកពីក្រោយ ។ ពេលដែលឃើញដូច្នេះពួកគេក៏បានជិះម៉ូតូបត់ចូលផ្លូវសឡា បំណងគេចចេញពីក្រុមជនសង្ស័យ តែត្រូវក្រុមជនសង្ស័យជិះម៉ូតូដេញតាម និងកៀរឲ្យឈប់ ព្រមទាំងដកដាវសាមូរ៉ៃមួយដើមកាប់ចំខ្នងគាត់ជាអ្នកបើកម៉ូតូចំនួនមួយដាវ បណ្តាលឲ្យរលាត់កន្ទួលសាច់ខ្នង ។ពេលឃើញដូច្នេះគាត់បានដកសោម៉ូតូរត់យករួចខ្លួនតែម្ដងទៅតែជនសង្ស័យមិនញញើតអ្វីទាំងអស់បានលើកម៉ូតូរបស់គាត់ជិះសណ្ដោងគ្នាគេចខ្លួនបាត់ដោយគ្មានអ្នកណាជួយអន្តរាគមន៍ឡើយ ។

ក្រោយពីកើតហេតុ កម្លាំងអន្តរាគមន៍រាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុ បានត្រឹមនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លាប៉ុណ្ណោះ៕ ប្រាថ្នា

 

tt d3 r3


ចែករំលែក៖