ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងជាប្រមុខការទូតលោកស្រី អ៊ុងសាន ស៊ូជី បានប្រកាសនៅក្នុងកិច្ច ប្រជុំអង្គការសហប្រជាជាតិថា នឹងគាំទ្រជនជាតិរ៉ូហ៊ីងយ៉ារស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាពេញសិទ្ធិ។ ការប្រកាសខាងលើក៏ជាសុន្ទរកថាដំបូងរបស់លោកស្រីនៅក្នុង សន្និបាតអង្គការសហប្រជាជាតិផងដែរ។
ក្នុងសុន្ទរកថា លើកទី១នេះលោកស្រី ស៊ូជី បានសន្យានៅចំពោះមុខអង្គការសហ ប្រជាជាតិតែម្តងថានឹងគាំទ្រសិទ្ធិជនជាតិ រ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅក្នុងភាពរើសអើងក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកស្រី ស៊ូជី មិនបានលើកឡើងនូវពាក្យថា រ៉ូហ៊ីងយ៉ាចំៗ ទេ។ ប៉ុន្តែលោកស្រីបានថ្លែងថា លោកស្រី នឹងគាំទ្រការងាររបស់គណៈកម្មាធិការរដ្ឋាភិបាលមីយ៉ាន់ម៉ាចំពោះសំណុំរឿងនេះ។
លោកស្រីសន្យាទៀតថា យើងប្តេជ្ញា ចិត្តតស៊ូប្រឹងប្រែងដើម្បីសម្រេចឲ្យបាន សន្តិភាពនិងភាពរុងរឿងនៅរដ្ឋរ៉ាក់ឃីន ដែលសំបូរជនជាតិរ៉ូហ៊ីងយ៉ារស់នៅ។ លោក ស្រី ស៊ូជី ក៏មិនភ្លេចសុំឲ្យសហគមន៍អន្តរជាតិយោគយល់មីយ៉ាន់ម៉ាចំពោះបញ្ហានេះដែរ។
គួររំលឹកថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបាន បង្កើតគណៈកម្មាធិការមួយទទួលបន្ទុកដោះស្រាយបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា។ មីយ៉ាន់ម៉ាបានតែងតាំងអតីតប្រធានអង្គការសហប្រជាជាតិកូហ្វ៊ី អាណាន់ ឲ្យធ្វើជា ប្រធានគណៈកម្មាធិការ។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារស់នៅរងការ រើសអើងហិង្សាពីសំណាក់អ្នកកាន់ពុទ្ធ សាសនាជ្រុលនិយមនៅមីយ៉ាន់ម៉ា។ ប្រជា ជនមីយ៉ាន់ម៉ាចាត់ទុកជនជាតិរ៉ូហ៊ីងយ៉ាថា ជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីបង់ក្លាដែស៕ ម៉ែវ សាធី