ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ខណៈបើកគោយន្តភ្ជួរលើស្រូវពង្រោះរបស់គេបណ្តាលឲ្យខូចខាតអស់មួយចំនួនធំ សង្ស័យមានគំនុំបញ្ជូន ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។ ករណីបុរសម្នាក់ធ្វើឲ្យខូចខាតទ្រព្យសម្បតិ្ត គេដោយចេតនានេះ បានកើតឡើងកាលពី វេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិត នៅភូមិអូរខ្ជាយ ឃុំវត្ត តាមិម ស្រុកសង្កែហើយជនសង្ស័យត្រូវ បានឃាត់ខ្លួនបញ្ជូនទៅតុលាការនៅថ្ងៃទី២៥ ខែកញ្ញា ។
មន្ត្រីនគរបាលស្រុកសង្កែបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សាំង សីឡា អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ដោយជនសង្ស័យបានយកគោយន្តទៅភ្ជួរស្រូវពង្រោះរបស់ឈ្មោះ ឈេន ចាន់ ភេទប្រុស អាយុ៥៣ឆ្នាំ រស់ នៅភូមិព្រៃ ស្វាយ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ ដំបង ។ មន្ត្រីដដែលបានបន្តថា ជនសង្ស័យ បានយកគោយន្តទៅភ្ជួរលើស្រូវពង្រោះឲ្យខូចខាតអស់ប្រមាណ ៥.០០០ម៉ែត្រការ៉េ ។
តាមប្រភពនៅកន្លែងកើតហេតុបាន បញ្ជាក់ថា នៅមុនពេលកើតហេតុជន សង្ស័យបានយកគោយន្តទៅភ្ជួរស្រែន ។ នៅ ពេលភ្ជួររួចហើយ ស្រាប់តែបន្តទៅភ្ជួរលើ ស្រូវពង្រោះរបស់ជនរងគ្រោះឲ្យខូចខាត មួយចំនួនធំសង្ស័យមានគំនុំនឹងគ្នា តែគេ មិនដឹងថាមានគំនុំអ្វីឡើយ ។ ក្រោយពេល ជនរងគ្រោះបានឃើញជនសង្ស័យធ្វើសកម្ម ភាពយ៉ាងដូច្នេះក៏ប្តឹងទៅសមត្ថកិច្ចដើម្បី ជួយអន្តរាគមន៍ ។ គ្រានោះសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យនៅនឹងកន្លែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសង្កែ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាម នីតិវិធី ៕ សហការី