ភ្នំពេញ ៖ ស្ថានទួតសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជា ១២១៧៤៥ដុល្លារអាមេរិក ដល់ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ សម្រាប់អនុវត្តគម្រោងរយៈពេល៣ឆ្នាំ ដើម្បីចងក្រង និងរៀបចំញ្ជីសារពើភណ្ឌ័នៃបេកភណ្ឌវប្បធម៌នៅតាមទីតាំងចំនួន២៤ ក្នុងខេត្តកំពងចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង តាកែវ និងខេត្តត្បួងឃ្មុំ។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាផ្តល់ថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ នៅឯស្រុកអង្គរបុរី (ភ្នំដា) ខេត្តតាកែវកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ លោក វីលៀម ហៃដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា អោយដឹងថា អំណោយជាថវិកានេះ បានមកពីមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP) នៃក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកដែលជាកម្មវិធីសំខាន់មួយរបស់រដ្ឋាភិបាលសហរដ្ឋ អាមេរិក សំរាប់ជួយប្រទេសដទៃទៀត ក្នុងការអភិរក្សបេតិកភណ្ឌ វប្បធម៌រូប៉ិយ និងអរូប៉ិយ។
លោកឯកអគ្គរដ្ឋទូតបន្តថា នេះគឺជាអំណោយថវិកាលើកទី ១៨ របស់ AFCP ដែលប្រទេសកម្ពុជាបានទទួល គិតតាំងពីឆ្នាំ ២០០១ មកដែលជាការបង្ហាញអោយឃើញនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ចំពោះការអភិរក្សវប្បធម៌ នៅកម្ពុជា។ នៅក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយប្រាក់ចំនួន ៣,៨ លានដុល្លាអាមេរិកទៅលើកម្មវិធីនានាដែលទ្រទ្រង់ការអភិរក្សបេតិកភណ្ឌវប្បធម៌ រាប់ពីយុទ្ធនាការប្រឆាំងនឹងការលួចប្លន់ ដល់ការវិភាគទិន្នន័យ ដល់ការងារអភិរក្សនៅតាមទីតាំងនានា ដូចជានៅប្រាសាទភ្នំបាក់ខែង នៅអង្គរ។ តាមពិតទៅ កន្លងមកយើងបានជួយការងារនៅតំបន់ដែលយើងកំពុងមានវត្តមាន នៅពេលនេះ។ នៅឆ្នាំ ២០០៣ មូលនិធិ AFCPបានជួយដល់ការសិក្សាស្រាវជ្រាវផ្នែកបូរាណវិទ្យា ដើម្បីរកមើលទំនាក់ទំនងរវាងភូមិករនៅសម័យបូរាណនៅភ្នំបូរី និងភូមិករនៅអង្គរបូរី។
លោកបន្ថែមថា “មូលនិធិ AFCP គឺជាការវិនិយោគមួយទៅលើប្រវត្តិសាស្រ្តនៃវប្បធម៌របស់ប្រទេសកម្ពុជា។ តែសំខាន់ជាងនេះទៅទៀតនោះ វាគឺជាការវិនិយោគទៅលើប្រជាជនកម្ពុជា។ យើងធ្វើការវិនិយោគទៅលើក្រុមអ្នកធ្វើការផ្នែកអភិរក្សវប្បធម៌ដែលរួមមានអ្នកបូរាណវិទ្យា អ្នកអភិរក្ស និងបុគ្គលិកកម្មករ។ យើងធ្វើការវិនិយោគទៅលើមនុស្ស ដែលរស់នៅជិតប្រាសាទទាំងនេះហើយដែលជីវភាពរស់នៅរបស់គេពឹងផ្អែកលើប្រាសាទទាំងនេះ ហើយយើងធ្វើការវិនិយោគទៅលើយុវជនដោយធ្វើការអភិរក្សប្រាសាទទាំងនេះ ដើម្បីអោយគេអាចបង្រៀន និងធ្វើជាគំរូដល់មនុស្សជំនាន់ក្រោយ”។
លោកទូតបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកមានមោទនភាពក្នុងការជួយដល់ការខិតខំរបស់ប្រទេសកម្ពុជា ដើម្បីការពារ ចងក្រងឯកសារនិងបង្ហាញដល់ក្រុមមនុស្សដទៃ នូវបេតិកភណ្ឌវប្បធម៌ដ៏ពិសេសរបស់កម្ពុជា។
អំណោយថវិកានាថ្ងៃនេះជំរុញដល់គោលដៅដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នារបស់យើង ស្តីពីសម្បត្តិវប្បធម៌ដែលមានមកនៅឆ្នាំ ២០០៣។ ស្ថានទូតសហរដ្ឋអាមេរិកថែមទាំងសូមអបអរសាទរការខិតខំដែលកំពុងមានជាបន្តរបស់ស្ថាប័នឯកជនសហរដ្ឋអាមេរិក ក្នុងការនាំត្រឡប់មកប្រទេសកម្ពុជាវិញនូវវត្ថុបូរាណដែលត្រូវបានគេលួចឆក់ប្លន់យកទៅ និងការខិតខំក្នុងការធ្វើអោយមានការផ្លាស់ប្តូរគ្នាទៅវិញទៅមក ដែលបានជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ចំណែកលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ក៏បានថ្លែងដែរថា ពិធីថ្ងៃនេះ គឺជាសក្ខីភាពមួយ បង្ហាញច្បាស់ពីជំនួយថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរ នៃគម្រោងតាមដាន និងធ្វើផែនទីហានីភ័យលើប្រាសាទបុរាណខ្មែរ នៅតំបន់ភាគខាងត្បូងប្រទេស គម្រោងនេះអនុវត្តដោយអគ្គនាយដ្ឋានបេតិកភណ្ឌនៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។
លោកស្រីរដ្ឋមន្រ្តីបន្តថា ប្រទេសទាំងពីរ កម្ពុជា និង សហ្រដ្ឋអាមេរិក មានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ លើវិស័យជាច្រើន ក្នុងនោះមានការងារវប្បធម៌ ដូចជា ៖ សហរដ្ឋអាមេរិក បានសហការក្នុងការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ ដែលបានជួញដូរខុសច្បាប់។
ប្រតេសទាំងពីរ បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលកម្ពុជាស្តីពីការដាក់កំហិត ហាមប្រាមនូវការនាំចូល វត្ថុបុរាណពីប្រទេសកម្ពុជា ក្នុងយុគសម័យសំរឹទ្ធ រហូតដល់សម័យប្រវត្តិសាស្រ្ត។
យោងលើអនុស្សរណៈ នៃការយោគយល់គ្នានេះ មានវត្ថុបុរាណខ្មែរជាច្រើន ត្រូវបានវិលត្រឡប់មកកម្ពុជាវិញ៕ ស ដារ៉ា